ឥណ្ឌូណេស៊ី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បន្ទាប់ពីការផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា ដែលមានប្រជាជនច្រើនជាងគេរស់នៅរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ១៤នាក់ និងរងរបួសច្រើននាក់ ខណៈដែលកម្ទេចកំទី និងដីល្បាប់ក្រាស់បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះ។

ភ្នំភ្លើង Semeru ក្នុងស្រុក Lumajang ខេត្តជ្វាភាគខាងកើតបានបញ្ចេញផេះដ៏ក្រាស់ជាង ១២,០០០ម៉ែត្រទៅលើអាកាស ហើយកម្អែលភ្នភ្លើងបានហូរចុះតាមជម្រាលភ្នំបន្ទាប់ពីមានការផ្ទុះភ្លាមៗកាលពីថ្ងៃសៅរ៍ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ភូមិជាច្រើនត្រូវបានគ្របដណ្ដប់ដោយផេះដែលធ្លាក់មក។ នៅគ្លីនិកមួយនៅក្នុងភូមិ Pronojiwo អ្នកជំងឺបានត្អូញត្អែរនៃការពិបាកដកដង្ហើមដោយសារតែផេះភ្នំភ្លើង។ អ្នកជំងឺមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលបានជំនួយបឋមដោយអង្គភាពសង្គ្រោះបន្ទាន់។ ប្រធានគ្លីនិក Pronojiwo លោកវេជ្ជបណ្ឌិត Miftahul Ulum បាននិយាយថា អ្នកជំងឺដែលចូលមកតាំងពីថ្ងៃសៅរ៍ ភាគច្រើនបានត្អូញត្អែរអំពីការពិបាកដកដង្ហើម និងការរលាកភ្លើង។

លោក Eko Budi Lelono ប្រធានមជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្របាននិយាយថា លំហូរកម្អែលភ្នំភ្លើងបានហូរទៅកាន់ទន្លេក្បែរនោះ។ ការរាយការណ៍របស់ទូរទស្សន៍បានបង្ហាញសកម្មភាពប្រជាជនបានស្រែក និងរត់នៅក្រោមពពកផេះដ៏ក្រាស់ ផ្ទៃមុខរបស់ពួកគេសើមដោយសារភ្លៀងលាយឡំជាមួយធូលីភ្នំភ្លើង។ ការផ្ទុះភ្លើង Semeru លើកចុងក្រោយគឺក្នុងខែមករា ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជុំកោះមានប្រជាជនជាង ២៧០លាននាក់ងាយនឹងកើតមានការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងដោយសារតែវាស្ថិតនៅតាមបណ្ដោយនៃកងភ្លើងនៅមហាសមុទ្រប៉ាស៊ីហ្វិក៕
អត្ថបទ៖ ប៊ុនថន