នៅក្នុងការរកឃើញដ៏ធំមួយ ក្រុមអ្នកវិទ្យាសាស្ត្រដែលប្រើប្រាស់កែវយឺតអវកាស James Webb បានរកឃើញនូវអ្វីដែលហៅថា សញ្ញាដ៏រឹងមាំបំផុតនៃលទ្ធភាពជីវិត ដែលកំពុងរស់នៅលើសពីប្រព័ន្ធព្រះអាទិត្យរបស់ផែនដី ខណៈពួកគេរកឃើញថា នៅក្នុងបរិយាកាសនៃភពផ្កាយមួយ (ភពក្រៅអេលៀន-alien planet) មានដានគីមីនៃឧស្ម័ន ដែលត្រូវផលិតដោយដំណើរការជីវសាស្រ្តតែប៉ុណ្ណោះលើផែនដី។
ឧស្ម័នទាំងពីរ ដែលពាក់ព័ន្ធនឹងការសង្កេតរបស់កែវយឺតអវកាស Webb ពីភពផ្កាយ K2-18 b នោះមានឈ្មោះថា ឌីមេទីលស៊ុលហ្វីត ឬហៅខ្លីថា DMS និង ឌីមេទីលឌីស៊ុលហ្វីត ឬហៅថា DMDS ហើយឧស្ម័នទាំងនេះត្រូវបង្កើតនៅលើផែនដីដោយសារពាង្គកាយមានជីវិត ដែលជាអតិសុខុមប្រាណ ជាចម្បងដូចជា ផ្លាតុងសមុទ្រ ឬសារាយជាដើម។
អ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះបង្ហាញថា ភពផ្កាយមួយនោះអាចនឹងសំបូរទៅដោយអតិសុខុមប្រាណ ដោយក៏សង្កត់ធ្ងន់ថា “នេះមិនមែនជាការប្រកាសពីការរកឃើញនៃសារពាង្គកាយមានជីវិតពិតប្រាកដទេ” ប៉ុន្តែជាលទ្ធភាពនៃលក្ខណៈជីវសាស្រ្តពិសេស ដែលអាចប្រើជាភស្តុតាងសម្រាប់ជីវិតអតីតកាល ឬបច្ចុប្បន្ន ហើយការរកឃើញនោះគួរតែត្រូវពិនិត្យដោយប្រុងប្រយ័ត្ន ជាមួយនឹងការសង្កេតបន្ថែមទៀត។ គួរឱ្យដឹងថា អតិសុខុមប្រាណ សំដៅលើអត្ថិភាព និងសកម្មភាពរបស់ជីវិតតូចៗ ច្រើនតែមានកោសិកាតែមួយ និងតូចពេកមិនអាចមើលឃើញដោយភ្នែកទទេបាន។
យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តបានសម្ដែងក្ដីរីករាយ ដោយនេះជាតម្រុយដំបូងបង្អស់នៃពិភពផ្កាយដែលអាចមានមនុស្សរស់នៅ។ ភពផ្កាយ K2-18 b នេះមានទំហំធំជាងផែនដី ៨,៦ដង និងមានអង្កត់ផ្ចិតប្រហែល ២,៦ដងធំជាងភពផែនដី៕