ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្មជាតិរបស់ប្រទេស បាននិយាយថា រថយន្តចំនួនបីគ្រឿង ត្រូវបានដុតបំផ្លាញនៅពន្ធនាគារមួយកន្លែងនៅភាគខាងត្បូងប្រទេសបារាំង ខណៈរលកនៃការវាយប្រហារដែលមិនធ្លាប់មានពីមុនមកទៅលើពន្ធនាគារបារាំង បានបន្តកាលពីថ្ងៃពុធ។
ការិយាល័យនិយាយថា រថយន្តមួយគ្រឿងក៏ត្រូវបានដុតនៅខាងមុខលំនៅឋានរបស់ឆ្មាំពន្ធនាគារ ហើយទ្វារនៃអគារមួយកន្លែងត្រូវបានបំផ្លាញ។
ការវាយប្រហារនេះ បានបន្ថែមទៅលើអគារពន្ធនាគារយ៉ាងហោចណាស់៩កន្លែង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួមមានសាលារៀនសម្រាប់បុគ្គលិកពន្ធនាគារផងដែរ ដែលត្រូវបានដាក់គោលដៅ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធ បាននិយាយនៅលើបណ្តាញ X ថា អ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារ «នឹងត្រូវតាមរកឲ្យឃើញ កាត់ទោស និងដាក់ទណ្ឌកម្ម» ។
រដ្ឋាភិបាល បានកំណត់អត្តសញ្ញាណក្រុមអ្នកជួញដូរគ្រឿងញៀន ប៉ុន្តែក៏បាននិយាយថា នោះជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលកំពុងត្រូវបានស៊ើបអង្កេត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Gerald Darmanin បានចាត់ទុកការវាយប្រហារនេះថាជា «សកម្មភាពភេរវកម្ម»។