មន្ត្រីនៅក្នុងទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃពុធថា ការិយាល័យប្រៃសណីយ៍នឹងបញ្ឈប់បញ្ជូនកញ្ចប់ទំនិញទៅកាន់សហរដ្ឋអាមេរិក។ ការបញ្ឈប់នេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក Trump បាននិយាយថា រដ្ឋបាលនឹងបញ្ចប់ការអនុវត្តន៍មិនយកពន្ធសម្រាប់កញ្ចប់ទំនិញពីប្រទេសចិនដីគោក និងក្រុងហុងកុង ចាប់ពីខែក្រោយ។
ប្រៃសណីយ៍ក្រុងហុងកុង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក « កំពុងដាក់ការដំឡើងពន្ធមិនសមហេតុផល គំរាម និងដោយបំពាន»។
គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ ដែលជាអ្នករស់នៅទីក្រុងហុងកុងជាយូរមកហើយ បានបញ្ជូនប្រដាប់ប្រដាក្មេងលេងទៅកាន់គ្រួសាររបស់នាងនៅសហរដ្ឋអាមេរិក។ អ្នកស្រីនិយាយថា «ខ្ញុំ អាចផ្ញើសំបុត្រ និងកាត បាន។ ដូច្នេះខ្ញុំបានធ្វើវា ប៉ុន្តែខ្ញុំនឹងមិនអាចផ្ញើកញ្ចប់ណាមួយបានទៀតទេម្តងនេះ»។ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំរបស់ចិនដូចជា Temu និង Shein បាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សដោយការដឹកជញ្ជូនទំនិញដែលមានតំលៃថោកទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយពួកគេបានទទួលអត្ថប្រយោជន៍ពីការលើកលែងនេះ។
ប្រតិបត្តិករអាជីវកម្មនៅទីក្រុងក្វាងចូវ ដែលផលិតទំនិញសម្រាប់អ្នកលក់រាយ បាននិយាយថា ការបញ្ជាទិញបានធ្លាក់ចុះចាប់តាំងពីការដំឡើងពន្ធចុងក្រោយ។ អ្នកស្រី បាននិយាយថា «បរិមាណបានថយចុះប្រហែល៤០ ភាគរយ។ វាពិតជាលំបាកខ្លាំងក្នុងការធ្វើអ្វីមួយនៅឆ្នាំនេះ»។