ភ្នំពេញ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ខែវិច្ឆិកានេះ សម្រុកទៅចាក់វ៉ាក់សាំង ក្នុងទីតាំងសុខាភិបាលសាធារណៈ នៅមូលដ្ឋានរស់នៅរបស់ពួកផងខ្លួន។
ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ៦ខែធ្នូនេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ មានសារៈសំខាន់ខ្លាំងណាស់ដើម្បីការពារជំងឺកូវីដ-១៩ ដែលបំលែងថ្មីជាបន្តបន្ទាប់ ជាពិសេសអូមីក្រុង។
លើសពីនេះ ពួកគាត់បានអគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។
កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និងការវិវត្តន៍វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលមានឈ្មោះថា «អូមីក្រុង (Omicron)» ស្របពេលអង្គការសុខភាពពិភពលោក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើវីរុសបំប្លែងខ្លួនថ្មីនេះ។
ក្រៅពីនេះ ក្រសួងសុខាភិបាលក៏បានបង្ហាញអំពីវិធានការបន្ថែមទៀតដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលា និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ខណៈកម្ពុជាមិនទាន់រកឃើញវីរុសបំលែងថ្មីអូមីក្រុង។
វិធានការទាំងនោះនោះរួមមាន៖ សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធាន ការ «ពាការពារ និង៣កុំ» ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩។ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយ ដែលពាក់ព័ន្ធ ទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នក ដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងពេលរង់ចាំការវិភាគ ដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។ ត្រូវជំរុញ ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត៕
អត្ថបទ៖ ទូច សោភ័ណ