ប្រទេសចិន និងម៉ាឡេស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនាថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន Xi Jinping។

គួរឱ្យដឹងថា ដែនទឹកសមុទ្រចិនខាងត្បូងគឺជាប្រធានបទក្ដៅគគុក ខណៈចិន អះអាងអធិបតេយ្យភាពស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិ៍ដុល្លារ ដែលធ្វើឱ្យទីក្រុងប៉េកាំង ត្រូវប្រឈមមុខនឹងប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជុំវិញដែនទឹកជម្លោះទាំងនេះ។

លើសពីនេះ ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងបញ្ហាជាច្រើន រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក WTO អង្គការសុខភាពពិភពលោក WHO និងក្រុមប្រទេស BRICS ព្រមទាំងប្រធានបទជាច្រើនផ្សេងទៀតដូចជាសង្រ្គាមតំបន់ហ្កាហ្សាជាដើម។

ជាមួយគ្នានេះដែរ ចិន និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣១ច្បាប់ រាប់ចាប់ពីពាណិជ្ជកម្ម និងទេសចរណ៍ រហូតដល់ការដឹកជញ្ជូនផ្លូវដែក និងកសិកម្ម ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Xi ខណៈសង្រ្គាមពាណិជ្ជកម្មពិភពលោកបន្តតានតឹង៕