អង្គការពាណិជ្ជកម្មពិភពលោក(WTO)និយាយថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានបង្កឱ្យមានវិបត្តិដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល។ បច្ចុប្បន្នអង្គការនេះ កំពុងតែព្យាករថា ទំហំពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំនេះ នឹងធ្លាក់ចុះ។

អគ្គនាយកអង្គការ WTO លោកស្រី Ngozi Okonjo-Iweala បាននិយាយកាលពីថ្ងៃពុធថា «យើងបានមើលឃើញហើយថា ក្តីបារម្ភពាណិជ្ជកម្មអាចហៀរចេញភាពអវិជ្ជមានចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យនានាដ៏ធំទូលាយផ្សេងទៀតនៃសេដ្ឋកិច្ច។ ប៉ុន្តែលោកក៏មានការព្រួយបារម្ភខ្លាំង អំពីផលប៉ះពាល់ទៅលើប្រទេសក្រីក្រ។ អង្គការ WTO និយាយថា ដោយផ្អែកលើការដំឡើងពន្ធបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មទំនិញសកលនឹងធ្លាក់ចុះ ០.២ ភាគរយនៅឆ្នាំ២០២៥នេះ។ នេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករពីពេលមុនរបស់ខ្លួន។ នៅក្នុងខែតុលា អង្គការ WTO បាននិយាយថា ខ្លួនរំពឹងថានឹងមានកំណើន៣ភាគរយ។

កាន់តែធ្ងន់ធ្ងរជាងនេះទៀត អង្គការនេះព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបន្តឆ្ពោះទៅមុខជាមួយនឹងអ្វីដែលគេហៅថាការដំឡើងពន្ធទៅវិញទៅមកឬពន្ធបដិការ នោះពាណិជ្ជកម្មនឹងធ្លាក់ចុះបន្ថែមទៀត ១,៥ ភាគរយ។ អង្គការ WTO និយាយថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ទំនងជាជំរុញឲ្យប្រទេសមហាអំណាចនៅអាស៊ីមួយនេះឆ្ពោះទៅរកទីផ្សារផ្សេងទៀត។ ការនាំចេញរបស់ប្រទេសចិន ទៅកាន់តំបន់នានាដែលមិនរាប់បញ្ចូលអាមេរិកខាងជើង ត្រូវបានគេព្យាករថានឹងកើនឡើងចន្លោះពី៤ ទៅ៩ ភាគរយ។
សហរដ្ឋអាមេរិក បានធ្វើឱ្យទីផ្សាររង្គោះរង្គើរកាលពីដើមខែនេះ ដោយវាយលុកលើប្រទេសជុំវិញពិភពលោកដោយការដំឡើងពន្ធដ៏ច្រើនដែលគេហៅថា «ពន្ធបដិការ»។ វាបានជំរុញឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង ដោយការប្រកាសភ្លាមៗថា ខ្លួននឹងផ្អាករយៈពេល៩០ថ្ងៃនៅគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសចិន។