ជិតបីសប្តាហ៍បានកន្លងផុតទៅ ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,៧ រិចទ័រ បានអង្រួនសហភាពមីយ៉ាន់ម៉ាភាគកណ្តាល។ តាមសេចក្តីរាយការណ៍ថា ការប្រយុទ្ធគ្នានៅតែបន្តរវាងយោធាកំពុងកាន់អំណាច និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ទោះបីជាភាគីនីមួយៗបានប្រកាសបទឈប់បាញ់ក៏ដោយ។

នៅក្នុងតួលេខដែលបានចេញផ្សាយកាលពីថ្ងៃពុធ យោធាមីយ៉ាន់ម៉ាបាននិយាយថា រញ្ជួយដីបានបណ្តាលឱ្យមនុស្សជាង៣.៧០០នាក់ស្លាប់ និងជាង១២០នាក់បាត់ខ្លួន។ បន្ទាប់ពីរញ្ជួយដី កងកម្លាំងយោធា និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រកាសដាច់ដោយឡែកពីគ្នានូវបទឈប់បាញ់បណ្តោះអាសន្នសម្រាប់ការប្រយុទ្ធគ្នាដែលបានបន្ត ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១។ គោលបំណងគឺដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់រងគ្រោះរញ្ជួយដី។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃពុធថា យោធាបានធ្វើការវាយប្រហារតាមអាកាស ដាក់គោលដៅទៅលើភូមិចំនួនពីរក្នុងតំបន់ Sagaing ភាគពាយព្យ ជិតចំណុចកណ្តាលនៃការរញ្ជួយដី បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀត បានរាយការណ៍ថា យោធាបានវាយប្រហារចំនួន២១៦លើកនៅចន្លោះថ្ងៃទី២៨ ខែមីនា ជាថ្ងៃរញ្ជួយដីបានវាយប្រហារ និងថ្ងៃទី១៦ ខែមេសា បណ្តាលឱ្យមនុស្ស ១៥១ នាក់ ស្លាប់និងរងរបួស។

យោធានិយាយថា កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងវាយប្រហារទីតាំងរបស់ខ្លួន និងគោលដៅផ្សេងទៀតនៅក្នុងតំបន់ រួមទាំងនៅភាគខាងជើង និងភាគខាងកើត ដោយប្រើប្រាស់យានដ្រូន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអ្នកស្ម័គ្រចិត្ដក្នុងស្រុក បានបន្តដឹកជញ្ជូនស្បៀងអាហារ គ្រឿងបរិក្ខារពេទ្យ និងសម្ភារៈសង្គ្រោះផ្សេងទៀត ទៅកាន់តំបន់រងគ្រោះរញ្ជួយដី។ ប៉ុន្តែ មានការព្រួយបារម្ភថាការប្រយុទ្ធគ្នាដែលនៅតែបន្ត នឹងរារាំងដល់ការងារជួយសង្គ្រោះ។