និស្សិតអន្តរជាតិជាច្រើនកំពុងប្រញាប់ប្រញាល់ដាក់បណ្ដឹងស្នើសុំឱ្យចៅក្រមអាមេរិក រារាំងមន្ត្រីអន្តោប្រវេសន៍ពីការនិរទេសពួកគេ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមដកហូតសិទ្ធិអ្នកកាន់ទិដ្ឋាការសិស្សរាប់ពាន់នាក់ មិនឱ្យបន្តស្នាក់នៅសហរដ្ឋអាមេរិក។

នៅថ្ងៃអង្គារសប្ដាហ៍នេះ ចៅក្រមនៅក្នុងរដ្ឋយ៉ាងហោចណាស់ចំនួន៧ រួមទាំងរដ្ឋ Massachusetts និង Montana ព្រមទាំង Wisconsin ក៏ដូចជាទីក្រុងវ៉ាស៊ីនតោន បានចេញដីកាបន្ទាន់ ដែលរារាំងអាជ្ញាធរអន្តោប្រវេសន៍មិនឱ្យធ្វើសកម្មភាពប្រឆាំងនឹងនិស្សិត បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលមូលដ្ឋានស្របច្បាប់របស់ពួកគេ សម្រាប់ការស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍យ៉ាងទូលំទូលាយរបស់លោក Trump។

រដ្ឋាភិបាលសហព័ន្ធ បានដកហូតឋានៈនិស្សិតជាច្រើន ដោយដកពួកគេចេញពីមូលដ្ឋានទិន្នន័យនៃអ្នកកាន់ទិដ្ឋាការសិស្សបរទេសប្រមាណ ១,១លាននាក់ ដោយធ្វើឱ្យអ្នកទាំងនោះប្រឈមនឹងហានិភ័យនៃការនិរទេស ដោយសារស្នាក់នៅអាមេរិកដោយខុសច្បាប់។

ចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក និស្សិតជាង ៤.៧០០នាក់ ត្រូវបានលុបចេញពីមូលដ្ឋានទិន្នន័យ ដែលរក្សាដោយទីភ្នាក់ងារច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធព័ត៌មានសិស្សនិស្សិត និងការផ្លាស់ប្តូរអ្នកទស្សនា នេះបើតាមសមាគមមេធាវីអន្តោប្រវេសន៍អាមេរិក៕