អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន BOJ នៅថ្ងៃព្រហស្បតិ៍ (១៧ មេសា) នេះ បានព្រមានពីកំណើនភាពមិនច្បាស់លាស់ដោយសារតែពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយនិយាយថា របាំងពាណិជ្ជកម្មទាំងនេះអាចបំផ្លាញទំនុកចិត្តក្រុមគ្រួសារ និងប៉ះពាល់ដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេស។

ការលើកឡើងនេះបានកើតឡើងនៅពេលដែលជប៉ុន បានធ្វើកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលអ្នកចរចាជាន់ខ្ពស់គឺលោក Ryosei Akazawa បាននិយាយថា មិនរាប់បញ្ចូលប្រធានបទក្ដៅគគុកនៃអត្រាប្តូរប្រាក់ទេ។

ថ្លែងនៅក្នុងសភា ទេសាភិបាល BOJ លោក Kazuo Ueda បាននិយាយថា ពន្ធគយរបស់លោក Trump អាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ជប៉ុន តាមរយៈបណ្តាញផ្សេងៗ ដូចជាសកម្មភាពពាណិជ្ជកម្ម និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ លោកបន្ថែមថា "ថ្មីៗនេះ ភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយរបស់អាមេរិក ជាពិសេសលើពន្ធ បានកើនឡើងយ៉ាងខ្លាំង"។

ខណៈដែលព្រមានពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដោយសារពន្ធរបស់អាមេរិក លោក Ueda ក៏ព្រមានថា ការកើនឡើងជាលំដាប់នៃតម្លៃអង្ករ និងអាហារផ្សេងទៀត អាចនាំឱ្យមានកំណើនតម្លៃទំនិញទូលំទូលាយ ដែលអាចបង្កើនការរំពឹងទុកអតិផរណារយៈពេលវែង៕