ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) លោក Osama Rabie បាននិយាយកាលពីថ្ងៃពុធថា មានភាពល្អប្រសើរឡើងតិចតួច នៅក្នុងការធ្វើនាវាចរណ៍ តាមព្រែកជីកនេះ ក្នុងអំឡុងខែមីនា។

លោក Rabie បានប្រកាសក្នុងអំឡុងពិធីមួយ នៅក្នុងខេត្ត Ismailia ភាគឦសាននៃប្រទេសអេហ្ស៊ីបថា ចំនួននាវាឆ្លងកាត់ព្រែកជីកស៊ុយអេ នៅក្នុងខែមីនា បានកើនឡើង ២,៤% បើធៀបនឹងខែមករា ដោយអបអរសាទរសមិទ្ធិផល ដែលធ្វើឡើងដោយព្រែកជីកនេះ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោកបានបន្ថែមថា ផ្លូវទឹកនេះ បានកត់ត្រាកំណើនប្រាក់ចំណូល ៨,៨ % បើធៀបនឹងខែមករា។
ប្រធានអាជ្ញាធរព្រែកស៊ុយអេ ( SCA) ក៏បានកត់សម្គាល់ផងដែរថា នាវាចំនួន ២៦៤គ្រឿង បានផ្លាស់ប្តូរ ផ្លូវរបស់ពួកគេ ដើម្បីឆ្លងកាត់ព្រែកជីកនេះ ជំនួសឲ្យការឆ្លងកាត់តាមសមុទ្រ Cape of Good Hope ចាប់តាំងពីដើមខែកុម្ភៈ។
លោក Rabie បានប្រាប់សារព័ត៌មានស៊ីនហួថា៖«បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងវាយប្រហារលើក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន ហើយនៅតែមិនច្បាស់ថាតើការវាយប្រហាររបស់សហរដ្ឋអាមេរិកទាំងនេះ បានធ្វើឲ្យសមត្ថភាពរបស់ក្រុមនេះ ចុះខ្សោយក្នុងការកំណត់គោលដៅលើដឹកជញ្ជូន នៅក្នុងសមុទ្រក្រហមឬយ៉ាងណា»។
ប្រទេសអេហ្ស៊ីបដែលពឹងផ្អែកយ៉ាងសំខាន់លើប្រាក់ចំណូលពីព្រែកជីកស៊ុយអេ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យស្ងប់ស្ងាត់ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម។
កាលពីខែមីនា ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel Fattah al-Sisi) បាននិយាយថា ដោយសារតែភាពចលាចលក្នុងតំបន់ រួមទាំងការវាយប្រហារលើនាវា នៅសមុទ្រក្រហមដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន ព្រែកជីកស៊ុយអេនេះ បានបាត់បង់ប្រាក់ចំណូលប្រហែល ៨០០ លានដុល្លារ ជារៀងរាល់ខែ។