កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដោយចោទប្រកាន់ថា ប្រទេសនេះ កំពុងស្វែងរកយ៉ាងច្បាស់លាស់ ដើម្បីដណ្តើមយកទឹកដីប៉ាឡេ ស្ទីន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានចេញការរិះគន់នេះ នៅក្នុងការអត្ថាធិប្បាយ បន្ទាប់ពីអ៊ីស្រាអែល បានបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា កាលពីពាក់កណ្តាលខែមីនា បន្ទាប់ពីបរាជ័យក្នុងការបន្តបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដែលដឹកនាំក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សាស្ទ្រីប។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួន នឹងនៅតែស្ថិតក្នុង «តំបន់សន្តិសុខ» ដែលបង្កើតឡើងដោយការដណ្តើមយកទឹកដីជាច្រើន នៅក្នុងតំបន់ហ្កាហ្សា ទោះបីជាបន្ទាប់ពីសង្គ្រាមបានបញ្ចប់ក៏ដោយ។
សារព័ត៌មាន KCNA បានថ្កោលទោសអ៊ីស្រាអែលថា មាន«មហិច្ឆតាលួចយកទឹកដី» ដោយអះអាងថា ប្រទេសនេះ លែងលាក់បាំងចេតនារបស់ខ្លួន ក្នុងការត្រួតត្រាប៉ាឡេស្ទីនទៀតហើយ។
ទីភ្នាក់ងារសារព័ត៌មាននេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបញ្ជាឲ្យមានការកាន់កាប់ពេញលេញរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយសំដៅលើការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលថា តំបន់ហ្កាហ្សា នឹងត្រូវប្រគល់ឲ្យសហរដ្ឋអាមេរិក នៅពេលបញ្ចប់ សង្គ្រាម។
សារព័ត៌មាន KCNA បានបញ្ជាក់ថា សកម្មភាពយោធា «ដ៏សាហាវព្រៃផ្សៃ»របស់អ៊ីស្រាអែល ដែលគាំទ្រដោយសហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខពិភពលោក។