ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នេះ បានឲ្យដឹងថា ប្រទេសចិននឹងធ្វើមិនដឹងមិនឮ ប្រសិនបើសហរដ្ឋអាមេរិកបន្តលេង «ហ្គេមអត្រាពន្ធ» ដោយការលើកឡើងនេះកើតមានបន្ទាប់ពីសេតវិមានបានគូសបញ្ជាក់អំពីរបៀបដែលទីក្រុងប៉េកាំងត្រូវប្រឈមនឹងការយកពន្ធរហូតដល់ ២៤៥ភាគរយ ដោយសារតែវិធានការសងសឹករបស់ខ្លួន។
នៅក្នុងឯកសារដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា សេតវិមានបានឲ្យដឹងថា កាតព្វកិច្ចបង់ពន្ធសរុបរបស់ប្រទេសចិន រួមមានពន្ធបដិការចុងក្រោយបង្អស់ ១២៥ភាគរយ ពន្ធ ២០ភាគរយពាក់ព័ន្ធនឹងបញ្ហាសារធាតុហ្វង់តានីល និងពន្ធចន្លោះ ៧,៥ភាគរយនិង ១០០ភាគរយ លើទំនិញជាក់លាក់ ដែលជាចំណាត់ការ ដើម្បីដោះស្រាយជាមួយនឹងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធបន្ថែមលើប្រទេសទាំងអស់ កាលពី ២សប្តាហ៍មុន មុនពេលដកវិញភ្លាមៗនូវ «ពន្ធបដិការ» កម្រិតខ្ពស់ សម្រាប់ប្រទេសរាប់សិប ខណៈពេលដែលបន្តដាក់ពន្ធកាន់តែខ្ពស់ឡើងៗលើប្រទេសចិន។
ទីក្រុងប៉េកាំងបានដាក់ចេញកាតព្វកិច្ចពន្ធផ្ទាល់ខ្លួនលើទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតប ហើយមិនបានស្វែងរកការចរចានោះឡើយ ដែលខ្លួននិយាយថា អាចធ្វើឡើងទៅបាន លុះត្រាណាតែឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងសមភាព។
កាលពីសប្តាហ៍មុន ប្រទេសចិនក៏បានដាក់ពាក្យបណ្តឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបង្ហាញពី «ក្ដីបារម្ភយ៉ាងខ្លាំង» ជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើច្បាប់របស់ស្ថាប័នពាណិជ្ជកម្មពិភពលោក។
ក្នុងសប្តាហ៍នេះ ដោយមិននឹកស្មានដល់ ប្រទេសចិនបានតែងតាំងអ្នកចរចាពាណិជ្ជកម្មថ្មីដែលនឹងជាគន្លឹះក្នុងកិច្ចចរចាណាមួយ ដើម្បីដោះស្រាយសង្គ្រាមពន្ធគយដែលកំពុងតែឡើងកម្ដៅខ្លាំងទៅៗ ពោលគឺបានជំនួសតំណែងរបស់លោក Wang Shouwen ដោយលោក Li Chenggang ជាបេសកជនរបស់ខ្លួនប្រចាំនៅ WTO៕