ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានព្រមានកាលពីថ្ងៃពុធ (ទី១៦ ខែមេសា) ថា ប្រទេសអ៊ីរ៉ង់ «នៅមិនឆ្ងាយឡើយ» ពីការទទួលបានគ្រាប់បែកនុយក្លេអ៊ែរ ដោយសម្ដីនេះ បានកើតឡើងភ្លាមៗមុនពេលលោកទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីបើកការពិភាក្សានានា។
បណ្តាប្រទេសលោកខាងលិច ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ បានដាក់ការសង្ស័យជាយូរមកហើយថា អ៊ីរ៉ង់កំពុងប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់ដែលទីក្រុងតេអេរ៉ង់ បានបដិសេធជាបន្តបន្ទាប់ ដោយទទូចថា កម្មវិធីរបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិលដោយសន្តិភាព។
អំឡុងបទសម្ភាសជាមួយសារព័ត៌មានបារាំង Le Monde ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា លោក Grossi បានប្រាប់ថា៖ «វាដូចជាល្បែងផ្គុំរូបអ៊ីចឹង។ ពួកគេមានបំណែកនានា ហើយនៅថ្ងៃណាមួយពួកគេអាចផ្គុំពួកវាជាមួយគ្នាបាន»។
លោកបានបន្តថា៖ «នៅមានផ្លូវដែលត្រូវទៅ មុនពេលពួកគេសម្រេចបាន ប៉ុន្តែពួកគេនៅមិនឆ្ងាយប៉ុន្មាននោះឡើយ នោះជាអ្វីដែលយើងត្រូវទទួលស្គាល់»។
គួរបញ្ជាក់ថា អ្នកឃ្លាំមើលអង្គការសហប្រជាជាតិ មានភារកិច្ចត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដួលរលំ ៣ឆ្នាំក្រោយមក នៅពេលដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកតិកាសញ្ញានេះ នៅក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump៕