មន្ត្រីជាន់ខ្ពស់ហាម៉ាសលោក Husam Badran បាននិយាយថា លោក Husam Badran បាននិយាយថា ចលនាប៉ាឡេស្ទីនហាម៉ាស នឹងបដិសេធគំនិតផ្តួចផ្តើមដំណោះស្រាយណាមួយ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ប្រសិនបើសំណើនេះ រួមបញ្ចូលការទាមទារឲ្យក្រុមនេះទម្លាក់អាវុធ។
ទីភ្នាក់ងារព័ត៌មាន INA របស់អ៊ីរ៉ាក់បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ចលនានេះ ពិតជានឹងមិនទទួលយកសំណើណាមួយ ដែលអំពាវនាវឲ្យមានការរំសាយអាវុធរបស់អ្នកគាំទ្រក្រុមហាម៉ាស»។ អ្នកនាំពាក្យរូបនេះ បានអះអាងថា៖«ការទាមទារបែបនេះ មិនរួមចំណែកដល់ការបញ្ចប់សង្គ្រាម នៅតំបន់ហ្កា ហ្សា និងមិនអាចទទួលយកបានសម្រាប់ការដោះស្រាយបញ្ហានេះ»។
មួយរយៈកន្លងទៅនេះ សារព័ត៌មាន Al-Qahira Al-Ekhbariya របស់អេហ្ស៊ីប បានរាយការណ៍ថា ក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងឆ្លើយតបជាផ្លូវការចំពោះសំណើរបស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។ ប្រភពរបស់សារព័ត៌មាននេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធនៅតែ «សិក្សាសំណើដែលប្រគល់ឲ្យពួកគេ ដោយអ្នកសម្របសម្រួល»។
កាលពីថ្ងៃអង្គារ ក្រុមហាម៉ាសបាននិយាយថា ខ្លួនមិនបានឃើញ «ការធានាពិតប្រាកដ» នៅក្នុងការផ្តល់ជូនរបស់អ៊ីស្រាអែល ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងដែនដីនេះ ហើយដកខ្លួនចេញពីទីនោះ។ សេចក្តីថ្លែងការណ៍ មិនបានឆ្លើយយ៉ាងច្បាស់ចំពោះសំណួរថាតើចលនាបដិសេធសេចក្តីព្រាងកិច្ចព្រមព្រៀងនេះឬយ៉ាងណា។ កាលពីដើមសប្តាហ៍នេះ ក្រុមហាម៉ាស បានទទួលតាមរយៈអ្នកសម្រុះសម្រួលអេហ្ស៊ីប នូវសំណើរបស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមមានការទាមទារឲ្យចលនានេះ ទម្លាក់អាវុធ និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។