នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានចុះចតនៅមូលដ្ឋានទ័ព Joint Base Andrews ស្ថិតក្នុងរដ្ឋ Maryland កាលពីថ្ងៃពុធ រយៈពេល ១ថ្ងៃមុនជំនួបរបស់លោកស្រីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញពន្ធសហរដ្ឋអាមេរិកលើទំនិញអឺរ៉ុប និងដាក់ខ្លួនលោកស្រីធ្វើជាស្ពានចម្លងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល ។
លោកស្រី Meloni កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាករវាងទំនាក់ទំនងមនោគមវិជ្ជារបស់លោកស្រីជាមួយប្រធានាធិបតីអាមេរិក និងទំនាក់ទំនងរបស់លោកស្រីជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដែលរិះគន់ការដំឡើងពន្ធខ្ពស់របស់លោក Trump និងការសម្រេចចិត្តរបស់លោក ពុំបញ្ចូលសហភាបអឺរ៉ុប(EU)ពីកិច្ចប្រជុំជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ។
ស្របពេលលោកស្រី Meloni ស្ថិតក្រោមសំពាធនៅប្រទេសរបស់ខ្លួន ដើម្បីការពារសេដ្ឋកិច្ចនាំចេញរបស់អ៊ីតាលីដែលកាលពីឆ្នាំមុនមានអតិរេកពាណិជ្ជកម្ម ៤៥,៤ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិកនោះ លោកស្រីត្រូវបានគេមើលឃើញផងដែរថា លោកស្រីត្រូវតែការពារផលប្រយោជន៍របស់ប្លុក EU ទាំងមូលដែលមានប្រទេសសមាជិក ២៧រដ្ឋ ។
លោកស្រី Meloni គឺជាមេដឹកនាំ EUតែម្នាក់គត់ដែលទទួលបានការអញ្ជើញឲ្យចូលរួមពិធីឡើងកាន់អំណាចរបស់លោក Trumpកាលពីខែមករា ហើយជំនួបក្នុងសប្តាហ៍នេះ នឹងកើតមានឡើងនៅថ្ងៃ មុនពេលលោកស្រីជួបស្វាគមន៍អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance នៅទីក្រុងរ៉ូម គឺជាជំនួបមួយដែលអាចសំខាន់ចំពោះមហិច្ឆិតាអ៊ីតាលី ក្នុងការដើរតួនាទីដ៏ចាំបាច់នៅក្នុងទំនាក់ទំនងឆ្លងអាត្លង់ទិក ៕