រូបភាបវីដេអូឃ្លីបចេញដោយកងទ័ពអ៊ីស្រាអែលឃើញអ្វីដែលពួកគេនិយាយថា ទាហានរបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយកាលពីថ្ងៃពុធថា ទាហានអ៊ីស្រាអែលនឹងបន្តនៅតំបន់ទ្រនាប់ដែលពួកគេបានបង្កើតក្នុងតំបន់ហ្កាហ្សា បើទោះបីជាក្រោយមានដំណោះស្រាយណាមួយ ដើម្បីបញ្ចប់សង្រ្គាមក៏ដោយ ។
អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃម្សិលមិញថា ខ្លួនបានប្រែក្លាយដែនដីហ្កាហ្សា៣០ភាគរយទៅជាតំបន់ទ្រនាប់ ខណៈពួកគេបានសម្រុកវាយលុកដោយយោធាឥតឈប់ឈរ និងបិទផ្លូវសម្រាប់ជំនួយមនុស្សធម៌ចូលទៅកាន់ដែនដីដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ។
អ៊ីស្រាអែល បានបន្តការវាយប្រហារតាមច្រកអាកាស និងដីគោក នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី១៨ ខែមីនា ដោយបញ្ចប់បទឈប់បាញ់រយៈពេល ២ខែជាមួយក្រុមហាម៉ាស ដោយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារនៅទូទាំងដែនដីដីប៉ាឡេស្ទីនមួយនេះ ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN)បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៥០ម៉ឺននាក់ បានភៀសខ្លួនចេញចាប់តាំងពីការបញ្ចប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា បង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតមួយដែលដែនដីនេះពុំធ្លាប់ជួបប្រទះក្នុងរយៈពេលជាង១៨ខែនៃសង្គ្រាម ៕