អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយថា ការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ីសម្លាប់មនុស្ស ៣នាក់ និងមនុស្សយ៉ាងហោច ៣០នាក់ផ្សេងទៀតរងរបួសនៅទីក្រុងភាគអាគ្នេយ៍ Dnipro ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃពុធ ។
លោក Lysak បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្ស ៣០នាក់ រងរបួស រួមទាំងក្មេងៗ ៥នាក់ផងដែរ ។ មនុស្ស ១៦នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយការវាយប្រហារនេះ បង្កឲ្យមានកាឆាបឆេះផងដែរ ។
អភិបាលក្រុង Dnipro លោក Borys Filatov និយាយថា ការវាយប្រហារមួយនេះ បានកើតឡើងនៅចម្ងាយប្រហែល ១០០ម៉ែត្រប៉ុណ្ណោះពីការិយាល័យសាលាក្រុង ។ លោកថា លំនៅដ្ឋានយ៉ាងហោច ១៥ខ្នង រងការខូចខាត ក៏ដូចជាកន្លែងស្នាក់នៅរបស់និស្សិត ស្ថាប័នអប់រំមួយកន្លែង និងរោងចក្រផលិតចំណីអាហារមួយកន្លែង ។
ដោយឡែក ការវាយប្រហារដោយយានដ្រូននៅពេលយប់របស់រុស្ស៊ី ទៅលើទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa បានបំផ្លាញអគារលំនៅឋាន ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
មន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា មានការវាយប្រហារដោយយានដ្រូននៅពេលយប់ នៅក្នុងតំបន់ Odesa ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Telegram សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា មនុស្ស ៣នាក់ បានរងរបួស ហើយអគ្គិភ័យជាច្រើន បានឆាបឆេះឡើង នៅក្នុងទីក្រុងនេះ ដោយសារការវាយប្រហារយានដ្រូនរុស្ស៊ី ៕