អាមេរិក៖ មន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា វីរុសបម្លែងខ្លួនថ្មី Omicron បានឆ្លងរាលដាលដល់រដ្ឋប្រមាណមួយភាគបីរបស់សហរដ្ឋអាមេរិក ប៉ុន្តែវីរុសបម្លែងខ្លួន Delta នៅតែលើសលប់នៃករណីឆ្លងវីរុស COVID-19 ខណៈករណីកើនឡើងនៅទូទាំងប្រទេស។

ទោះបីជាការលេចឡើងនៃវីរុសបម្លែងខ្លួនថ្មី បានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោកក៏ដោយ វេជ្ជបណ្ឌិតលោក Anthony Fauci មន្ត្រីជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា រហូតមកដល់ពេលនេះវាហាក់ដូចជាមិនមានកម្រិតនៃភាពធ្ងន់ធ្ងរ ចំពោះវីរុសនេះនោះទេ ប៉ុន្តែយើងត្រូវការការសិក្សាបន្ថែមទៀត។ លោក Fauci បាននិយាយថា លោកក៏សង្ឃឹមថា សហរដ្ឋអាមេរិកនឹងលុបចោលបម្រាមរបស់ខ្លួនលើអ្នកដំណើរ មកពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូងក្នុងរយៈពេលសមស្របណាមួយ។ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានត្អូញត្អែរថា ខ្លួនកំពុងត្រូវបានដាក់ទណ្ឌកម្មជុំវិញការរកឃើញវីរុសបម្លែងខ្លួនថ្មី។
យ៉ាងហោចណាស់រដ្ឋចំនួន ១៧ របស់សហរដ្ឋអាមេរិកបានរាយការណ៍អំពីករណីវីរុសបម្លែងខ្លួនថ្មី Omicron។ ករណីជាច្រើនស្ថិតក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញមានរោគសញ្ញាស្រាល ទោះបីជាស្ថានភាពនៃការចាក់វ៉ាក់សាំងដូសជំរុញរបស់អ្នកជំងឺមួយចំនួនមិនត្រូវបានរាយការណ៍ក៏ដោយ។ ទោះបីជាមានករណីវីរុសបម្លែងខ្លួនថ្មី Omicron រាប់សិបករណីក៏ដោយក៏វីរុសបម្លែងខ្លួន Delta នៅតែមានចំនួន ៩៩.៩% នៃករណីវីរុស COVID នៅក្នុងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះជាមធ្យមមានករណីថ្មីចំនួន ១១៩,០០០ករណីក្នុងមួយថ្ងៃ និងបានបាត់បង់ជីវិតជិត ១,៣០០នាក់ដោយសារវីរុស COVID-19 ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ ប៊ុនថន