នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីន នាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសកាលពីយប់កន្លងទៅរបស់អ៊ីស្រាអែលលើជំរំសំពត់តង់ នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។
ចាប់តាំងពីចាប់ផ្តើមឡើងវិញប្រតិបត្តិការយោធាកាលពីខែមុន កងកម្លាំងអ៊ីស្រាអែល បានបង្កើតតំបន់សន្តិសុខចូលកាន់តែជ្រៅទៅក្នុងតំបន់ហ្កាហ្សា និងបង្រួមជនប៉ាឡេស្ទីនជាង ២លាននាក់ឲ្យនៅតំបន់កាន់តែតូចនៅភាគខាងត្បូង និងតាមតំបន់ឆ្នេរ ។
អ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់យុទ្ធជនក្រុមហាម៉ាសរាប់រយនាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់របស់ក្រុមជីវពលប៉ាឡេស្ទីនមួយនេះផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនារហូតមក ប៉ុន្តែប្រតិបត្តិការសឹកមួយនេះ ធ្វើឲ្យអង្គការសហប្រជាជាតិ(UN) និងបណ្តាប្រទេសអឺរ៉ុប មានការព្រួយបារម្ភជាខ្លាំង ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីអំពើអរិភាពចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា ក្រោយផ្អាកសង្រ្គាមរយៈពេល ២ខែ ហើយការវាយប្រហារតាមច្រកអាកាស និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ១.៦៣០នាក់ ។
ដោយឡែក ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥១.០០០នាក់ និងបង្ខំឲ្យមនុស្សភាគច្រើនជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ហើយនិងធ្វើឲ្យតំបន់ជាច្រើនក្លាយជាគំនរបាក់បែក ៕