អ៊ុយក្រែន បានរាយការណ៍ពីការស្លាប់ជនស៊ីវិលរាប់សិបនាក់ពីការវាយប្រហាររបស់រុស្ស៊ីក្នុងសប្តាហ៍កន្លងមកនេះ រួមទាំងមនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីយប់ថ្ងៃពុធលើទីក្រុងភាគអាគ្នេយ៍ Dnipro ស្របពេលដែលទីក្រុងគីវ ស្នើសុំទិញប្រព័ន្ធការពារដែនអាកាស Patriots របស់សហរដ្ឋអាមេរិក ។
កុមារស្ថិតនៅក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារដោយយានដ្រូនរុស្ស៊ី ដែលបានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនជំនួបប្រកបដោយហានិភ័យខ្ពស់ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងរៀបចំឡើងនៅពេលក្រោយក្នុងថ្ងៃព្រហស្បតិ៍នេះ អំឡុងពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff នឹងជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងក្រុមមន្រ្តីអឺរ៉ុបផ្សេងទៀត ដើម្បីពិភាក្សាលើជម្លោះ ។
រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ក៏ដូចជាអគ្គសេនាធិការកងទ័ពរបស់លោកប្រធានាធិបតី Volodymyr Zelenskyy បានមានវត្តមាននៅក្នុងរដ្ឋធានីបារាំងផងដែរ សម្រាប់ជំនួបជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បើទោះបីជាក្រុមមន្រ្តីទីក្រុងគីវ ពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើបុគ្គលណាខ្លះដែលពួកគេគ្រោងនឹងជួបក៏ដោយ ។
ប៉ុន្តែស្របពេលដែលបទឈប់បាញ់កំណត់ខ្លួនឯងរបស់ទីក្រុងម៉ូស្គូរយៈពេល ៣០ថ្ងៃលើហេដ្ឋារចនាសម្ព័ន្ធថាមពល ជិតអស់ពេលហើយនោះ កិច្ចពិភាក្សាសម្រេចបានបទឈប់បាញ់ទ្រង់ទ្រាយធំ មកទល់នឹងពេលនេះ បង្ហាញសញ្ញាវឌ្ឍនភាពតិចតួចប៉ុណ្ណោះ ។
រុស្ស៊ីប្រកាន់ភ្ជាប់គោលជំហរដ៏រឹងរូសរបស់ខ្លួន ខណៈចោទប្រកាន់អ៊ុយក្រែនថាបានបំពានបទឈប់បាញ់ថាមពល ដែលទីក្រុងគីវ ពុំដែលឯកភាពម្តងណាឡើយ ៕