វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) បានឲ្យដឹងថា កិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប នៅទីក្រុងប៉ារីស គឺជាឱកាស ដើម្បីបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប្រាប់ដល់អឺរ៉ុប អំពីស្ថានភាពបច្ចុប្បន្ននៃការពិភាក្សា អំពីការស្វែងរកដំណោះស្រាយសន្តិភាព នៅប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតី Vladimir Putin និងលោក Witkoff បានសន្ទនាគ្នាយ៉ាងយូរ កាលពីសប្តាហ៍មុន។
លោក Peskov បាននិយាយថា៖ «សហរដ្ឋអាមេរិកកំពុងបន្តធ្វើការក្នុងទិសដៅនេះជាមួយអឺរ៉ុប និងអ៊ុយក្រែន»។ ហើយលោកបានសង្កត់ធ្ងន់ថា៖ «ជាការគួរឲ្យសោកស្ដាយ ដែលអឺរ៉ុបមើលឃើញយើងថា កំពុងផ្តោតបន្តសង្រ្គាម»។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ទស្សនកិច្ចដែលមិនបានប្រកាសឲ្យដឹងនៅមុននេះ ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងដែលបណ្ដាប្រទេសអឺរ៉ុប កំពុងជួបប្រជុំគ្នា ដើម្បីអំពាវនាវពីករណីទីក្រុងគីវទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងលោក Witkoff ដែលជាបេសកជនរបស់លោកប្រធានាធិបតី Donald Trump។
ការពិភាក្សាការទូតកម្រិតខ្ពស់នេះ បានឆ្លុះបញ្ចាំងពីការមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗរបស់អឺរ៉ុប ចំពោះការចាប់ផ្ដើមកិច្ចចរចារបស់រដ្ឋបាលសហរដ្ឋអាមេរិក ជាមួយទីក្រុងមូស្គូ ដោយសារតែរហូតមកដល់ពេលនេះ នៅតែបរាជ័យ សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការបង្កើតឲ្យមានបទឈប់បាញ់ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលមានរយៈពេល ៣ឆ្នាំ៕