ព្រះចៅមហាម៉ាត់ Sheikh Tamim bin Hamad Al-Thani នៃប្រទេសកាតា បានយាងទៅដល់ទីក្រុងមូស្គូហើយ នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក Vladimir Putin ស្តីពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងដំណើរដែលវិមានក្រឹមឡាំងបានពិពណ៌នាថា មានសារៈសំខាន់ខ្លាំងណាស់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំង២ នឹងមាននូវ «ការសន្ទនាសំខាន់ៗ» លើបញ្ហាជាច្រើន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺរឿងពិបាកក្នុងការវាយតម្លៃខ្ពស់ពេកនូវតួនាទីរបស់កាតាជារួម នាពេលឥឡូវនេះ សម្រាប់កិច្ចការជាច្រើនទាំងក្នុងតំបន់ និងសូម្បីតែពិភពលោក។ កាតាគឺជាដៃគូដ៏ល្អរបស់យើង ទំនាក់ទំនងរុស្ស៊ី-កាតាកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ។ ការប្រាស្រ័យទាក់ទង រវាងប្រមុខរដ្ឋ គឺមានញឹកញាប់ណាស់»។
គួរបញ្ជាក់ថា ប្រទេសកាតាបានព្យាយាមជាបន្តបន្ទាប់ ក្នុងការសម្រុះសម្រួល រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានជួយរៀបចំឲ្យមានការវិលត្រលប់មកវិញនូវកុមារពីប្រទេសទាំង២ ដែលត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ពួកគេ អំឡុងពេលមានសង្រ្គាម។ រុស្ស៊ី និងកាតា បានលើកឡើងនៅសប្តាហ៍នេះថា មេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាគ្នា អំពីកិច្ចប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕