រូបភាពរបស់ក្មេងប្រុសហ្កាហ្សាម្នាក់ដែលជាសះស្បើយពីរបួសក្នុងសង្រ្គាម បានឈ្នះរង្វាន់រូបភាពសារព័ត៌មានប្រចាំឆ្នាំ(World Press Photo of the Year) សម្រាប់ឆ្នាំ ២០២៥ ។
រូបភាពដែលថតបានដោយអ្នកថតរូបប៉ាឡេស្ទីនគឺអ្នកស្រី Samar Abu Elouf សម្រាប់កាសែត New York Times ឃើញក្មេងប្រុស Mahmoud Ajjour អាយុ ៩ឆ្នាំ មានពិការភាពដៃទាំងទ្វេនៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា កាលពីខែមីនា ឆ្នាំ ២០២៤ ។
អ្នកស្រី Abu Elouf ដែលបានជម្លៀសខ្លួនចេញពីតំបន់ហ្កាហ្សាកាលពីចុងឆ្នាំ ២០២៣ បានរស់នៅក្នុងអគារផ្ទះល្វែងតែមួយជាមួយក្មេងប្រុស Mahmoud ស្ថិតក្នុងទីក្រុង Doha ប្រទេសកាតា ។
អ្នកស្រីបានចងក្រងឯកសាជីវិតរបស់ពលរដ្ឋហ្កាហ្សារងរបួសជាច្រើននាក់ដែលបានចេញក្រៅទទួលការព្យាបាលនៅបរទេស ។
លោក Joumana El Zein Khoury គឺជាប្រធានប្រតិបត្តិពានរង្វាន់ World Press Photo និយាយថា នេះគឺជា “រូបភាពស្ងាត់ដែលនិយាយខ្លាំងៗ” ។
លោកបន្តថា វារៀបរាប់ពីជីវិតរបស់ក្មេងប្រុសម្នាក់ ប៉ុន្តែពីសង្រ្គាមទ្រង់ទ្រាយធំផងដែរដែលមានផលប៉ះពាល់លើមនុស្សច្រើនជំនាន់ ៕