រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Katsunobu Kato នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នេះ បាននិយាយថា ប្រទេសជប៉ុនព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល ដោយសារពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដោយនេះជាការព្រមានធ្ងន់បំផុតរបស់រដ្ឋាភិបាលទីក្រុងតូក្យូ នៅពេលដែលប្រទេសទាំង២ ចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្ម។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅទីក្រុងតូក្យូ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចពិភាក្សា បានចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន លោក Kato ក៏បានសម្តែងក្ដីបារម្ភ អំពីការប្រែប្រួលឡើងចុះរបស់ទីផ្សារ នាពេលថ្មីៗនេះ ដែលបណ្តាលមកពីការប្រកាសអត្រាពន្ធរបស់លោក Trump ដោយនិយាយថា ចំណាត់ការនោះអាចប៉ះពាល់ដល់ការងើបវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។
លោក Kato ដែលគ្រោងនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រទេសទាំង២០ បាននិយាយថា៖ «វិធានការពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ប៉ះពាល់ដល់ឧស្សាហកម្មផ្សេងៗ និងបង្កើនឲ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងៗ»។
ជាមួយគ្នានេះ លោក Kato ក៏ត្រូវបានគេរំពឹងផងដែរថា នឹងជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ដើម្បីបន្តការចរចាដែលបានចាប់ផ្តើមដោយអ្នកចរចាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី លោក Shigeru Ishiba អំពីបញ្ហាពន្ធ គឺលោក Ryosei Akazawa។ ដោយមិនមានការគ្រោងទុក លោក Trump បានចូលរួមកិច្ចពិភាក្សាទាំងនោះ ដែលរួមមានវត្តមានរបស់លោក Bessent។
លោក Kato បាននិយាយអំពីពន្ធរបស់អាមេរិក និងភាពមិននឹងនររបស់ទីផ្សារ នៅក្នុងបទសម្ភាសន៍ជាលើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយ គិតចាប់តាំងពីលោក Trump បានប្រកាសពីការដំឡើងពន្ធបដិការលើប្រទេសជាច្រើន កាលពីថ្ងៃទី២ ខែមេសា ដោយលោកបានបញ្ជាក់ថា៖ «មានហានិភ័យ ក្នុងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន»៕