ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ដោយបើកចំហរភាពអត់ឃ្លានជាអាវុធសង្រ្គាម រយៈពេល ១ថ្ងៃក្រោយរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល សន្យាថានឹងរក្សាការបិទផ្លូវមិនឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សា ។
ការចែកចាយជំនួយចូលទៅកាន់ដែនដីប៉ាឡេស្ទីនមួយនេះ ត្រូវបានបញ្ឈប់ ចាប់តាំងពីថ្ងៃទី ២ ខែមីនារហូតមក រយៈពេលច្រើនសប្តាហ៍មុនពេលអ៊ីស្រាអែលបំពានបទឈប់បាញ់បណ្តោះអាសន្ន តាមរយៈការចាប់ផ្តើមទម្លាក់គ្រាប់បែកឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា ហើយក្រោយមកបើកការវាយប្រហារតាមជើងគោក ។
ថ្លែងកាលពីថ្ងៃពុធ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានចាត់ទុកការបិទផ្លូវថាជាវិធានការដ៏សំខាន់មួយប្រឆាំងក្រុមហាម៉ាស ដោយលោកនិយាយថា គ្មានផែនការបន្ធូរបន្ថយការរឹតត្បឹតនោះទេ បើទោះបីជាមានការព្រមានរបស់អង្គការសហប្រជាជាតិ(UN)ថា កង្វះខាតអាហារូបត្ថម្ភកាន់តែអាក្រក់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្កាហ្សា ។
ជាការឆ្លើយតប ក្រុមហាម៉ាសបានចាត់ទុកអនុសាសន៍របស់លោក Katz ថាជាការទទួលស្គាល់សាធារណៈចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។
ក្រុមមួយនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា អ៊ីស្រាអែលកំពុងបង្អត់ឲ្យដាច់ពោះស្លាប់ជនស៊ីវិលគ្មានកំហុស រួមទាំងការបង្អត់អាហារ ឱសថ ទឹក និងប្រេងឥន្ធនៈ អស់រយៈពេល ៧សប្តាហ៍ជាប់ៗគ្នា ។
ពួកគេបន្តថា ពួកយើងសូមធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យចាត់វិធានការបញ្ឈប់ភាពអត់ឃ្លាននេះ ហើយការបិទច្រកលើតំបន់ហ្កាហ្សាស្រ្ទីប ៕