រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងលោក Steve Witkoff បេសកជនអន្តរជាតិរបស់លោកប្រធានាធិបតី Donald Trump បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបនៅទីក្រុងប៉ារីស ក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន ប្រឆាំងការវាយលុករបស់រុស្ស៊ី។

ប្រភពពីវិមាន Elysée បាននិយាយបន្ទាប់ពីកិច្ចពិភាក្សានេះថា ក្រុមមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិកមានការផ្លាស់ប្តូរទស្សនៈដ៏ល្អ ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់របស់ខ្លួន ដោយកិច្ចប្រជុំនៅទីក្រុងប៉ារីសផ្តល់ឱកាសជាយុទ្ធសាស្ត្រដ៏រឹងមាំ ។

យោងតាមប្រភពបានឱ្យដឹងថា អ៊ុយក្រែន និងបណ្ដាប្រទេសអឺរ៉ុបទាំងបី បានសង្កត់ធ្ងន់លើការគាំទ្ររួមគ្នារបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីនាំមកនូវការបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័ស។

ប្រភពបានបន្ថែមថា កិច្ចប្រជុំជាច្រើនទៀតនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនៅទីក្រុងឡុងដ៍ក្នុងទម្រង់ដូចគ្នានេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tammy Bruce នឹងមិននិយាយថាតើ លោក Rubio នឹងចូលរួមការពិភាក្សានោះទេ។
លោក Macron បាននិយាយថា ថ្ងៃនេះ ពួកលោកបានចូលរួមក្នុងការពិភាក្សាជាវិជ្ជមាន និងប្រកបដោយស្ថាបនា អំពីរបៀបដើម្បីសម្រេចបានទាំងបទឈប់បាញ់ និងសន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែង៕