អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានពីការដួលរលំនៃស្ថានភាពសន្តិសុខនៅក្នុងប្រទេសហៃទី ខណៈក្រុមប្រដាប់អាវុធបន្តដុតបញ្ឆេះអំពើហិង្សាដ៏សាហាវនៅក្នុងរដ្ឋធានី និងតំបន់ផ្សេងទៀតនៅទូទាំងប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អង្គការឃ្លាំមើលសិទិ្ធមនុស្សខាងលើបាននិយាយថា ក្រុមឧក្រិដ្ឋជនបានបង្កើនការវាយប្រហាររបស់ពួកគេនៅរដ្ឋធានីព័រ-អូ-ប្រាំង(Port-au-Prince )ចាប់តាំងពីចុងឆ្នាំមុន ហើយមានតែ១០ភាគរយនៃទីក្រុងនេះប៉ុណ្ណោះដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

លោក Nathalye Cotrino អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមសិទ្ធិមនុស្សរបស់អាមេរិកបាននិយាយថា ស្ថានភាពសន្តិសុខរបស់ប្រទេសហៃទីស្ថិតក្នុងការដួលរលំទាំងស្រុង ហើយប្រជាជនហៃទីកំពុងទទួលរងការរំលោភបំពានដ៏គួរឱ្យរន្ធត់ ។
ប្រទេសនេះបានញាំញីពីអំពើហិង្សាជាច្រើនឆ្នាំ ខណៈក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពល ដែលជារឿយៗមានទំនាក់ទំនងជាមួយមេដឹកនាំនយោបាយ និងធុរជនករបស់ប្រទេសនេះ បានប្រជែងដណ្តើមឥទ្ធិពល និងការគ្រប់គ្រងទឹកដី។
ប៉ុន្តែស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនខ្លាំងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១ ។
កាលពីឆ្នាំ ២០២៤ ក្រុមជនអន្ធពាលបានបើកការវាយប្រហារលើពន្ធនាគារ និងស្ថាប័នរដ្ឋផ្សេងទៀតនៅទូទាំងរដ្ឋធានី ព័រ-អូ-ប្រាំង ដោយជំរុញឱ្យមានវិបត្តិនយោបាយជាថ្មី ការកាប់សម្លាប់ពលរដ្ឋ ការរត់ភៀសខ្លួន និងវិបត្តិមនុស្សធម៌៕