ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានបង្ហាញសញ្ញាប្រាប់ពីលទ្ធភាពនៃការបញ្ចប់ជម្លោះដំឡើងពន្ធសងសឹកទៅវិញទៅមករវាងអាមេរិក និងចិន ដែលធ្វើឱ្យកក្រើកទីផ្សារ ហើយថា កិច្ចព្រមព្រៀងលើជោគវាសនានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ប្រហែលជាត្រូវរង់ចាំសិន។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានអំពីការដំឡើងពន្ធថា "អាមេរិក មិនចង់ឱ្យពន្ធឡើងខ្ពស់ជាងនេះទេ ពីព្រោះនៅចំណុចជាក់លាក់ណាមួយ ពន្ធនឹងធ្វើឱ្យមនុស្សលែងទិញអ្វីទាំងអស់"។ ការអត្ថាធិប្បាយរបស់លោក Trump នេះ បានចង្អុលបង្ហាញពីការថយចុះនៃភាពតានតឹងពន្ធទៅលើប្រទេសរាប់សិប បន្ទាប់ពីទីផ្សារបានប្រតិកម្មយ៉ាងខ្លាំងក្លាក្រោយការប្រកាសពន្ធបដិការកាលពីថ្ងៃទី០២ ខែមេសា។

ពន្ធមូលដ្ឋាន ១០% លើទំនិញភាគច្រើនចូលអាមេរិកនៅតែមាន ប៉ុន្តែពន្ធបដិការខ្ពស់ៗត្រូវបានពន្យារសិន ដោយរង់ចាំការចរចា។ ទោះយ៉ាងណាក៏ដោយ លោក Trump បានដំឡើងអត្រាពន្ធនាំចូលរបស់ចិន ដែលឥឡូវនេះមានចំនួនសរុប ១៤៥% ហើយលើទំនិញចិនជាក់លាក់មួយចំនួនឡើងដល់ ២៤៥% ខណៈទីក្រុងប៉េកាំង បានសងសឹកពន្ធ ១២៥% ជាមួយនឹងវិធានការប្រឆាំងផ្សេងទៀត។

ជាមួយគ្នានេះ លោក Trump និយាយថា ចិនបានទាក់ទងអាមេរិក ចាប់តាំងពីការដាក់ពន្ធដំបូង និងបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយរឿងពន្ធនេះ ប៉ុន្តែលោកមិនបញ្ជាក់លម្អិតទេ។ លោក Trump ក៏លើកឡើងថា "អាមេរិកមានកិច្ចព្រមព្រៀងមួយសម្រាប់ TikTok រួចហើយ ប៉ុន្តែត្រូវពន្យារពេលសិន រហូតដល់គ្រប់យ៉ាងដំណើរការស្រួលបួលឡើងវិញ"៕