ប្រភពការទូតនៅទីក្រុងតេអេរ៉ង់ បានប្រាប់សារព័ត៌មាន Iran International ថា ប្រទេសអ៊ីរ៉ង់ បានស្នើផែនការ ៣ដំណាក់កាលមួយដល់គណៈប្រតិភូអាមេរិក ក្នុងអំឡុងពេលកិច្ចពិភាក្សាក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយបង្ហាញពីការដាក់កម្រិតលើប្រតិបត្តិការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ផែនការនេះត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ជាលាយលក្ខណ៍អក្សរទៅកាន់ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ក្នុងអំឡុងកិច្ចពិភាក្សារយៈពេល ៣ម៉ោងនៅអូម៉ង់។

ប្រភពការទូតប្រាប់ថា ទីក្រុងតេអេរ៉ង់ស្នើឡើងថា ក្នុងដំណាក់កាលដំបូង ខ្លួននឹងកាត់បន្ថយជាបណ្តោះអាសន្ននូវកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមមកត្រឹម ៣,៦៧% ជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដែលអាមេរិកបង្កក និងការអនុញ្ញាតឱ្យនាំចេញប្រេង។
ប្រភពដដែលបន្តថា នៅដំណាក់កាលទីពីរ អ៊ីរ៉ង់នឹងបញ្ចប់ជាអចិន្ត្រៃយ៍នូវការចម្រាញ់អ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ និងស្ដារអធិការកិច្ចរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រសិនបើអាមេរិកដកទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ហើយបានបញ្ចុះបញ្ចូលអង់គ្លេស អាល្លឺម៉ង់ និងបារាំង កុំឱ្យយកទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដាក់លើក្រុងតេអេរ៉ង់ម្ដងទៀត។
នៅដំណាក់កាលទីបី ហើយក៏ជាជំហានចុងក្រោយនៃផែនការនោះ បានអំពាវនាវឱ្យសភាអាមេរិក អនុម័តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មទាំងបឋម និងបន្តបន្ទាប់ចេញឱ្យអស់ ខណៈអ៊ីរ៉ង់ នឹងផ្ទេរឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីនីញ៉ូមកម្រិតខ្ពស់របស់ខ្លួនទៅកាន់ប្រទេសទីបី។ ប្រភពសង្កត់ធ្ងន់ថា ប្រេសិតអាមេរិក លោក Witkoff បានស្វាគមន៍សំណើដែលបង្ហាញដោយភាគីអ៊ីរ៉ង់នេះ ប៉ុន្តែមិនទាន់មានវឌ្ឍភាពលម្អិតបន្ថែមទេ៕