នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នឹងជួបពិភាក្សាជាមួយក្រុមប្រឆាំងមីយ៉ាន់ម៉ាដ៏សំខាន់មួយ នៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីលោកបានជួបមេដឹកនាំរបបសឹកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ នៅទីក្រុងបាងកក ដើម្បីពិភាក្សាពីតម្រូវការមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយ។

សហភាពមីយ៉ាន់ម៉ាបានរងការបំផ្លិចបំផ្លាញដោយជម្លោះចាប់តាំងពីឆ្នាំ២០២១ នៅពេលយោធាដ៏មានអំណាចរបស់ខ្លួនបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ដោយបង្កឱ្យមានការតវ៉ាដ៏រីករាលដាលដែលពង្រីកទៅជាសង្រ្គាមស៊ីវិលទូទាំងប្រទេស ដោយបានបង្ខំឲ្យប្រជាជនជាង៣,៥លាននាក់រត់ភៀសខ្លួន និងបំផ្លាញសេដ្ឋកិច្ច។

ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៧,៧ រ៉ិចទ័រ កាលពីចុងខែមីនា ដែលបានបណ្តាលឲ្យមនុស្សជាង៣.៦០០ នាក់ស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបង្កឱ្យមានទុក្ខព្រួយបន្ថែមទៀតលើប្រទេសក្រីក្រមួយនេះ ប៉ុន្តែបានបើកផ្លូវការទូតសម្រាប់មេដឹកនាំរបបយោធាលោកMin Aung Hlaing ។

លោក Anwar ដែលជាប្រធានប្លុកអាស៊ានក្នុងតំបន់ បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកបានពិភាក្សាជាមួយលោក Min Aung Hlaing ដែលមួយផ្នែកផ្តោតលើតម្រូវការមនុស្សធម៌របស់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី។
នៅមុនជំនួបនោះ លោក Anwar បាននិយាយថា លោកនឹងស្វែងរកការបន្តបទឈប់បាញ់ដែលបានអំពាវនាវចាប់តាំងពីការរញ្ជួយដីមក ។
ចាប់តាំងពីរដ្ឋប្រហារមក ASEAN បានដករបបដឹកនាំយោធាមីយ៉ាន់ម៉ាមិនឲ្យចូលរួមកិច្ចប្រជុំនានាដោយសារការបរាជ័យរបស់របបនេះក្នុងការឯកភាពតាមផែនការសន្តិភាពរបស់ប្លុកនេះដែលគេស្គាល់ថាជាចំណុចស្របគ្នាទាំង៥៕