អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប (EU) ក្នុងការពង្រឹងកិច្ចសន្ទនា និងទំនាក់ទំនង ពង្រីកការបើកចំហរទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាស្នូលរបស់ខ្លួន។

អ្នកនាំពាក្យលោក He Yongqian បានកត់សម្គាល់ថា ឆ្នាំ២០២៥ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប ហើយភាគីទាំងពីរជាអ្នកតស៊ូមតិនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម ក៏ដូចជាអ្នកការពារ និងអ្នកគាំទ្រ WTO យ៉ាងរឹងមាំ។

លោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហភាពអឺរ៉ុបដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល ហើយបញ្ចូលភាពច្បាស់លាស់ និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈឯករាជ្យភាព និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។

ការប្ដេជ្ញាចិត្តរបស់ចិន កើតមានឡើងស្របពេលកំពុងតតាំងសង្រ្គាមពាណិជ្ជកម្មដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក ក្រោយលោកTrump បន្តដំឡើងពន្ធជាបន្តបន្ទាប់លើប្រទេសចិន និងមានការសងសឹកទៅវិញទៅមកយ៉ាងក្ដៅគគុក។
ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ១៧ មេសា បានឲ្យដឹងថា ប្រទេសចិននឹងធ្វើមិនដឹងមិនឮ ប្រសិនបើសហរដ្ឋអាមេរិកបន្តលេង «ហ្គេមអត្រាពន្ធ» ដោយការលើកឡើងនេះកើតមានបន្ទាប់ពីសេតវិមានបានគូសបញ្ជាក់ពីរបៀបដែលទីក្រុងប៉េកាំងត្រូវប្រឈមនឹងការយកពន្ធរហូតដល់ ២៤៥% ដោយសារតែវិធានការសងសឹករបស់ខ្លួន៕