ភ្នំពេញ៖ នៅយប់ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជាជាធម្មតា ខណៈបណ្តាប្រទេសទាំងនោះកំពុងជួបការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529)ក៏ដោយ។
បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា កម្ពុជាអនុញ្ញាតបើកទទួលបណ្តាអ្នកដំណើរឆ្លងកាត់ប្រទេសនៅតំបន់អាហ្វឹ្រកចំនួន ១០ចូលមកកម្ពុជា ប៉ុន្តែយើងក៏ត្រូវពង្រឹងការត្រួតពិនិត្យនិងធ្វើតេស្តវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវនៅពេលអ្នកដំណើរអន្តរជាតិទាំងនោះ មកដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបើកទទួលអ្នកដំណើរឆ្លងកាត់បណ្តាប្រទេសនៅតំបន់អាហ្រ្វឹកនោះ គឺធ្វើឡើងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍នានា នៅលើពិភពលោក។
សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយបានទទួលការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង នៅពេលនេះ ក្រសួងសុខាភិបាលសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា ហើយប្រទេសទាំង១០នោះរួមមាន៖ ប្រទេស Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬ ឆ្លងកាត់បណ្តាប្រទេសផ្សេងទៀតដែលចាត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» អំឡុងពេល២សប្តាហ៍មុននេះ ពេលធ្វើដំណើរចូលប្រទេសកម្ពុជា ត្រូវអនុវត្តតាមលក្ខខ័ណ្ឌមួយចំនួនដូចជា៖
១៖ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ដោយតេស្ត PCR ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា ហើយក្នុងករណីពេលដល់កម្ពុជា បើការធ្វើតេស្តរហ័សរកឃើញ វិជ្ជមានកូវីដ១៩ ត្រូវយកសំណាកបន្តទៅធ្វើតេស្ត PCR និងត្រូវធ្វើចត្តាឡីស័កដាច់ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងផ្តល់ការព្យាបាលត្រឹមត្រូវ។ សម្រាប់អ្នកដំណើរធ្វើតេស្ត អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយឡែក រយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។ព្រមជាមួយគ្នានោះ អ្នកដំណើរជាជនបរទេស ត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។
ក្នុងករណី អ្នកដំណើរមិនបានកក់សណ្ឋាគារ ត្រូវទៅកាន់បញ្ជរធនាគារ ដើម្បីតម្កល់ប្រាក់១០០០ ដុល្លារអាម៉រិក សម្រាប់ធានាចំណាយទាំងអស់លើការធ្វើចត្តាឡីស័ក នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។ អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ អ្នកដំណើរជាជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យមានប័ណ្ណសន្យារ៉ាប់រងសុខភាព សម្រាប់ព្យាបាលជំងឺកូវីដ-១៩៕
អត្ថបទ ស៊ុមសុខជា
