អ្នកដំណើរជាច្រើននៅទីនេះ គឺជាផ្នែកមួយនៃការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ដែលកំពុងផ្លាស់ប្តូរទិសដៅ និងត្រឡប់ទៅភាគខាងត្បូងវិញក្នុងពេលមានការបង្រ្កាបជនអន្តោប្រវេសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ ក្នុងចំណោមនេះរួមមានទាំងជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ផងដែរ។

ស្ត្រីជាជនអន្តោប្រវេសន៍ម្នាក់និយាយថា «វាជារឿងសោកសៅ ប៉ុន្តែខ្ញុំទទួលបានបទពិសោធន៍ ខ្ញុំត្រឡប់ទៅវិញដោយសោកសៅព្រោះខ្ញុំចង់ទៅដល់សហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំមិនអាចទៅដល់បាន»។
លោក Wilson Duarte និងភរិយា បាននិយាយថាពួកគេបានសម្រេចចិត្តចាកចេញពីទីក្រុងញូវយ៉ក បន្ទាប់ពីទទួលបានបទបញ្ជានិរទេស។

នៅក្នុងទីក្រុងឆ្នេរ Puerto Obaldia ប្រទេសប៉ាណាម៉ា ជនអន្តោប្រវេសន៍ត្រូវចំណាយពេលមួយយប់ មុនពេលជិះទូកមួយគ្រឿងផ្សេងទៀតទៅកាន់ទីក្រុង La Miel។ នៅពេលទៅដល់ទីនោះ ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ឆ្លងកាត់ដោយថ្មើរជើងចូលទៅក្នុងប្រទេសកូឡុំប៊ី ខណៈពួកគេមិនអាចបញ្ជូនត្រឡប់ទៅប្រទេសវេណេស៊ុយអេឡាវិញបានពីប្រទេសប៉ាណាម៉ា ដោយសារតែពុំមានទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។