ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មេសា បានចោទប្រកាន់ក្រុមហ៊ុនចិនមួយឈ្មោះថា Chang Guang Satellite Technology ថាបានគាំទ្រដោយផ្ទាល់ជុំវិញការវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកធ្វើឡើងដោយក្រុមអ្នកប្រយុទ្ធហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ និងបានចាត់ទុកថា «មិនអាចទទួលយកឡើយ»។

កាលពីពេលមុន កាសែត Financial Times បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាននិយាយថា ក្រុមហ៊ុនផ្កាយរណបដែលមានទំនាក់ទំនងជាមួយយោធាចិន កំពុងផ្គត់ផ្គង់រូបភាពដល់ក្រុមឧទ្ទាមហ៊ូទី ដើម្បីកំណត់គោលដៅលើនាវាចម្បាំងអាមេរិក និងនាវាអន្តរជាតិ នៅសមុទ្រក្រហម។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយថា ជំនួយពីក្រុមហ៊ុនដល់ក្រុមហ៊ូទី បានបន្ត ទោះបីជាសហរដ្ឋអាមេរិក បានទាក់ទងជាមួយទីក្រុងប៉េកាំងលើបញ្ហានេះក៏ដោយ។
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកមិនបានដឹងអំពីស្ថានភាពនេះទេ ដូច្នេះមិនមានការអត្ថាធិប្បាយអ្វីឡើយ ហើយក្រុមហ៊ុនក៏ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ប្រទេសចិន គឺជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ហើយការចោទប្រកាន់ចុងក្រោយនេះកើតឡើង ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចនិងយោធាទាំងពីរ កំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងលើពាណិជ្ជកម្ម ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដំឡើងពន្ធយ៉ាងច្រើនលើទំនិញរបស់ចិន។