មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោកទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) ជាមួយនឹងលិខិតមួយច្បាប់សម្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីសង្ខេបប្រាប់វិមានក្រឹមឡាំង អំពីកិច្ចចរចានុយក្លេអ៊ែរជុំទីមួយនៅអូម៉ង់ ជាមួយសហរដ្ឋអាមេរិក ដែលបានគម្រាមវាយប្រហារសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយអ៊ីរ៉ង់ ម្តងហើយម្តងទៀត និងបន្តដំឡើងពន្ធដល់ប្រទេសទីបី ដែលទិញប្រេងពីអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ខ្លួនទេនោះ ខណៈអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅក្នុងតំបន់នេះរួចរាល់ហើយ។

មុនពេលកិច្ចចរចាជុំទីពីរដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃពុធថា សិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមគឺមិនអាចចរចាបានឡើយ។ ប្រមុខការទូតរូបនេះក៏និយាយថា លោកកំពុងបញ្ជូនលិខិតមួយច្បាប់ទៅកាន់លោក Putin ដែលនិយាយពីបញ្ហាតំបន់ និងទ្វេភាគី ប៉ុន្តែមិនបញ្ជាក់ខ្លឹមសារលម្អិតទេ។

រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ក្រុងតេអេរ៉ង់ ដើរតួនាទីសំខាន់ក្នុងការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយលោកខាងលិច ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសិទ្ធិវេតូ និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីមុន ដែលលោក Trump បានបោះបង់ចោលក្នុងអាណត្តិដំបូងរបស់ខ្លួននៅឆ្នាំ២០១៨។ រុស្ស៊ីបាននិយាយរួចហើយថា រាល់ការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ នឹងក្លាយជារឿងខុសច្បាប់ និងមិនអាចទទួលយកបានឡើយ៕