ប្រជាជនស៊ែរប៊ី បានបន្តការតវ៉ានៅខាងមុខអគារស្ថានីយ៍ទូរទស្សន៍រដ្ឋ (RTS) កាលពីថ្ងៃព្រហស្បតិ៍ ដោយបិទច្រកផ្លូវចូលដើម្បីបង្ហាញពីកំហឹងរបស់ពួកគេជុំវិញសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីមហន្តរាយនៅស្ថានីយ៍រថភ្លើងកាលពីខែវិច្ឆិកា។

បាតុកម្មជាច្រើនលើក បានផ្ទុះឡើងចាប់តាំងពីការបាក់រលំដំបូលស្ថានីយ៍រថភ្លើងបណ្តាលឲ្យមនុស្ស១៦នាក់ ស្លាប់ ដោយក្រុមអ្នកតវ៉ាបានរិះគន់ខ្លាំងៗចំពោះអំពើពុករលួយរបស់រដ្ឋាភិបាល និងអសមត្ថភាព នៅក្នុងបញ្ហាប្រឈមធំៗ របស់ប្រធានាធិបតី លោក Alexsandar Vucic ។

ក្រុមបាតុករ បានកាន់ស្លាក នៅអគាររបស់ស្ថានីយ៍ទូរទស្សន៍រដ្ឋ និងបានផ្លុំកញ្ចែ។ ភ្លើង ត្រូវបានដុតពេញមួយយប់ ជាផ្នែកមួយនៃការតវ៉ាដែលនៅបន្តនៅមុខស្ថានីយ៍ទូរទស្សន៍ជាតិចាប់តាំងពីថ្ងៃចន្ទ ទី១៤ ខែមេសា។
ទូរទស្សន៍ RTS បាននិយាយថាកម្មវិធី ៦០% បានរងផលប៉ះពាល់តាមរបៀបមួយចំនួន ដោយអគារសំខាន់ៗចំនួនពីរត្រូវបានរារាំង ប៉ុន្តែកម្មវិធីព័ត៌មានសំខាន់ៗដែលកំពុងត្រូវបានចាក់ផ្សាយ ធ្វឡើងពីខាងក្រៅអគារ។