រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) ថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការងាររួមគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីលុបបំបាត់បុព្វហេតុដ៏យូរលង់នៃជម្លោះអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា លោក Rubio បានរៀបរាប់នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទអំពីលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងប៉ារីស រវាងគណៈប្រតិភូសហរដ្ឋអាមេរិក និងមន្ត្រីអឺរ៉ុប និងអ៊ុយក្រែន។

ក្រសួងបន្ថែមថា លោក Lavrov បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូ ក្នុងការបន្តការងាររួមគ្នាជាមួយសហសេវិកអាមេរិក ក្នុងគោលបំណងលុបបំបាត់មូលហេតុដើមនៃវិបត្តិអ៊ុយក្រែន" ក្នុងជំហានដ៏ល្អឆ្ពោះទៅរកកិច្ចចរចាសន្តិភាពនៃជម្លោះជាង ៣ឆ្នាំមកនេះ។
រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា អ៊ុយក្រែនត្រូវតែទទួលស្គាល់ការដាក់បញ្ចូលជាផ្លូវការនៃតំបន់អ៊ុយក្រែនចំនួន៤ ជារបស់រុស្ស៊ី ហើយថា ទីក្រុងគីវ ត្រូវតែបោះបង់ចោលនូវគំនិតណាមួយនៃការធានាបាននូវសមាជិកភាពណាតូ ដែលទាំងនេះជាអ្វីដែលអ៊ុយក្រែន តែងច្រានចោល។

យ៉ាងណាក៏ដោយ លោក Rubio បាននិយាយនៅថ្ងៃសុក្រនេះថា អាមេរិកនឹងឈប់ព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃទៀត លុះត្រាតែមានសញ្ញាច្បាស់លាស់ដែលថាកិច្ចព្រមព្រៀងមួយអាចធ្វើបាន៕