អ្នកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់នៅប្រទេសអ៊ុយក្រែនបច្ចុប្បន្ន ពុំមានភាពប្រាកដប្រជាទេ ដោយសារតែការបន្តវាយប្រហាររបស់អ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី។

លោក Nebenzya ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដែលបាននិយាយថា «យើងមានបំណងចំពោះបទឈប់បាញ់មានកម្រិតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលពុំត្រូវបានអនុវត្តដោយភាគីអ៊ុយក្រែន។ ការនិយាយអំពីបទឈប់បាញ់ គឺមិនប្រាកដប្រជាទេក្នុងដំណាក់កាលនេះ។

កាលពីថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់សំណើមួយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការអត់ធ្មត់ទៅវិញទៅមក ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល៣០ថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបដោយវិជ្ជមាន និងបានណែនាំយោធារុស្ស៊ីឱ្យធ្វើតាមសំណើនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្រោយមកបានបង្ហាញថា អ៊ុយក្រែនក៏គាំទ្រសំណើនេះដើម្បីបញ្ឈប់ការវាយប្រហារលើទីតាំងបែបនេះ។
ទោះជាយ៉ាងណា រុស្ស៊ីបាននិយាយថា ចាប់ពីថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី១៦ ខែមេសា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ចំនួន១៥ របស់រុស្ស៊ី។ ការវាយប្រហារទាំងនេះ មានការប្រើប្រាស់យានដ្រូន និងប្រព័ន្ធកាំភ្លើងធំច្រើនប្រភេទ។