ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) បានទទូចថា លោកអាចបណ្តេញទេសាភិបាលធនាគារកណ្ដាលអាមេរិកឯករាជ្យគឺលោក Jerome Powell ចេញពីតំណែង និងរិះគន់យ៉ាងខឹងសម្បារ បន្ទាប់ពីលោក Powell បានព្រមានអំពីអតិផរណា ដែលជំរុញដោយការដំឡើងពន្ធ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក Trump បាននិយាយថា លោក Powell នឹង "ចាកចេញពីតំណែង ប្រសិនបើត្រូវស្នើសុំឱ្យធ្វើបែបនោះ" ដោយបន្ថែមថា "លោកមិនសប្បាយចិត្តនឹងលោក Powell ទេ" ដោយលោកចង់ឱ្យប្រធានធនាគារកណ្ដាលរូបនោះបន្ទាបអត្រាការប្រាក់ ជុំវិញបញ្ហាពន្ធ។

ប្រភពបានប្រាប់កាសែត Wall Street Journal ថា លោក Trump បានពិភាក្សាជាលក្ខណៈឯកជនក្នុងការបណ្តេញលោក Powell អស់ជាច្រើនខែមកហើយ ប៉ុន្តែមិនបានធ្វើការសម្រេចចិត្តចុងក្រោយទេ។ គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិអំណាចដោយផ្ទាល់ក្នុងការបណ្តេញទេសាភិបាលធនាគារកណ្តាលឡើយ ប៉ុន្តែលោក Trump អាចចាប់ផ្តើមដំណើរការដ៏វែងមួយដើម្បីព្យាយាមដកតំណែងលោក Powell ដោយបង្ហាញថាមាន "មូលហេតុ" ដើម្បីធ្វើដូច្នេះបាន។
លោក Powell បានព្រមានកាលពីថ្ងៃពុធថា ការដំឡើងពន្ធរបស់លោក Trump លើស្ទើរតែគ្រប់ដៃគូពាណិជ្ជកម្ម អាចធ្វើឱ្យធនាគារកណ្ដាល ស្ថិតក្នុងស្ថានភាពទាល់ច្រកក្នុងការជ្រើសរើសរវាងការដោះស្រាយអតិផរណា និងភាពអត់ការងារធ្វើ៕