បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino បានចូលរួមពិធីបើកការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន AFF Championship ២០២០ ដែលរៀបចំនៅទឹកដីសិង្ហបុរី។ លោក Infantino បានប្រគល់ពានកិត្តយសជូនដល់មនុស្សពាក់ព័ន្ធដែលបានចូលរួមទប់ស្កាត់ជំងឺរាតត្បាត Covid-19 នៅសិង្ហបុរីមុនប្រកាសបើកការប្រកួតជាផ្លូវការ។

ការប្រកួតជើងឯកថ្នាក់តំបន់មួយនេះត្រូវបានពន្យារពេលមួយឆ្នាំ ដោយសារវិបត្តិនៃជំងឺរាតត្បាតសកល Covid-19 ហើយបានលើកពីឆ្នាំ២០២០ មកលេងនៅឆ្នាំ២០២១ នេះនិងបានកែប្រែមកអនុវត្តតាមរូបមន្តចាស់វិញ គឺយកប្រទេសសឹង្ហបុរីជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍តែមួយ។ ថ្ងៃបើកការប្រកួតនេះថៃបានយកឈ្នះទីម័រឡេស្តេ ២-០ ខណៈម្ចាស់ផ្ទះសិង្ហបុរីយកឈ្នះមីយ៉ាន់ម៉ា ៣-០ ក្នុងពូល A។ ចំណែកពូល B ថ្ងៃនេះកម្ពុជាត្រូវជួបជាមួយម៉ាឡេស៊ីវេលាម៉ោង ៤ និង ៣០នាទីរសៀល ខណៈឡាវជួបវៀតណាមម៉ោង ៧ និង ៣០នាទីយប់នេះ៕
អត្ថបទ៖នាង សុភាវុធ