ក្រុមសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាច្រើន បានដឹកនាំការតវ៉ានៅបរិវេណសាលាទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៧ មេសា) ប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការវាយប្រហារយ៉ាងទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump ទៅលើការអប់រំថ្នាក់ឧត្តមសិក្សា រួមទាំងការកាត់បន្ថយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ការបណ្ដេញនិស្សិតអន្តរជាតិ និងការរារាំងការបញ្ចេញមតិដោយសេរីអំពីសង្គ្រាមនៅហ្កាហ្សា។
បាតុកម្មដ៏ធំត្រូវបានធ្វើឡើងនៅសាលាជាច្រើន រួមទាំងសាកលវិទ្យាល័យ Harvard ជាទីដែលរដ្ឋបាលលោក Trump និយាយថា ខ្លួននឹងបង្កកជំនួយ និងកិច្ចសន្យាចំនួន ២,២ពាន់លានដុល្លារ ហើយកំពុងគំរាមដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ ក្នុងការទទួលនិស្សិតអន្តរជាតិ។

បញ្ជីនៃគ្រឹះស្ថានឧត្តមសិក្សា ដែលត្រូវសហព័ន្ធកាត់មូលនិធិ កំពុងកើតឡើង ដោយរដ្ឋាភិបាលកំពុងប្រឹងប្រែងបង្ខំឱ្យស្ថាប័នទាំងនោះអនុលោមតាមរបៀបវារៈនយោបាយរបស់រដ្ឋបាលលោក Trump ។ ការគំរាមកំហែង និងការផ្អាកជាបន្តបន្ទាប់ក្នុងការផ្តល់មូលនិធិ ចំពោះសាកលវិទ្យាល័យធំៗមួយចំនួនរបស់អាមេរិក បានក្លាយជាឧបករណ៍សំខាន់ដែលមិនធ្លាប់មានពីមុនមកសម្រាប់រដ្ឋបាលលោក Trump ដើម្បីបញ្ចេញឥទ្ធិពលលើវិស័យអប់រំ។
ជាមួយគ្នានេះដែរ លោក Trump និងមន្ត្រីផ្សេងទៀត បានចោទក្រុមបាតុករនៅតាមសាកលវិទ្យាល័យ និងអ្នកផ្សេងទៀតថាជា “គាំទ្រក្រុមហាម៉ាស” ដែលបានវាយប្រហារអ៊ីស្រាអែល កាលពីខែតុលា ប៉ុន្តែអ្នកតវ៉ាជាច្រើននិយាយថា ពួកគេកំពុងសម្ដែងការប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល ក្នុងសង្រ្គាមប៉ុណ្ណោះ៕

