រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាល្លឺម៉ង់ Taurus ជា«ការចូលរួមដោយផ្ទាល់» នៅក្នុងជម្លោះដោយទីក្រុងប៊ែរឡាំង។
ការព្រមាននេះ បានកើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ដែលកំពុងរង់ចាំចូលកាន់តំណែង លោក Friedrich Merz បាននិយាយថា លោកបើកចំហឲ្យផ្គត់ផ្គង់មីស៊ីល Taurus ដល់ទីក្រុងគីវ។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារដោយមីស៊ីល Taurus ប្រឆាំងនឹងកន្លែងណាមួយរបស់រុស្ស៊ីនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗទាំងអស់នេះ នឹងត្រូវបានចាត់ទុកថា ជាការចូលរួមដោយផ្ទាល់ពីប្រទេសអាល្លឺម៉ង់ ក្នុងអរិភាព។
វិមានក្រឹមឡាំង បានចេញការព្រមានស្រដៀងគ្នាដល់ទីក្រុងប៊ែកឡាំងកាលពីថ្ងៃចន្ទ ដោយនិយាយថា ការផ្គត់ផ្គង់ Taurus បានប្រថុយនឹងការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះ ដែលមានរយៈពេលជាង ៣ឆ្នាំនេះ។
អធិការបតីដែលជិតផុតអាណត្តិលោក Olaf Scholz បានច្រានចោលការបញ្ជូនមីស៊ីលប្រភេទនេះ ទៅទីក្រុងគីវ ប៉ុន្តែលោក Merz បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបើកចំហចំពោះគំនិតដែលបានផ្តល់ឲ្យ អាល្លឺម៉ង់យល់ព្រមជាមួយដៃគូអឺរ៉ុបរបស់ខ្លួន។