អ្នកនាំពាក្យផ្លូវការរបស់ចលនានេះ លោក Zabihullah Mujahid បានប្រាប់សារព័ត៌មាន TASS ថា ចលនាតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន ចាត់ទុកការព្យួរការហាមឃាត់របស់រុស្ស៊ីថា ជាជំហានដ៏សំខាន់ ហើយពឹងផ្អែកលើទំនាក់ទំនងការទូត និងសេដ្ឋកិច្ចពេញលេញជាមួយរុស្ស៊ី។
លោកបាននិយាយថា៖«យើងចាត់ទុកថា ជំហាននេះ មានសារៈសំខាន់ខ្លាំងណាស់។ នៅពេលអនាគត អាហ្វហ្គានីស្ថាន និងរុស្ស៊ី ពិតជានឹងកសាងទំនាក់ទំនងដ៏ល្អ នៅក្នុងវិស័យសេដ្ឋកិច្ច និងការទូត»។
តាមការយល់ឃើញរបស់អ្នកនាំពាក្យរូបនេះ «ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មានគោលនយោបាយត្រឹមត្រូវទាក់ទងនឹងអាហ្វហ្កានីស្ថាន»។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតាលីបង់ ទៅកាន់ប្រទេសរុស្ស៊ី លោកបានឆ្លើយតបថា៖«ការសម្រេចចិត្ត មិនទាន់ត្រូវបានធ្វើឡើងនៅឡើយ»។
នាពេលមុននេះ តុលាការកំពូលរបស់រុស្ស៊ី បានពេញចិត្តចំពោះការអំពាវនាវរបស់អគ្គរដ្ឋអាជ្ញា ក្នុងការផ្អាកការហាមឃាត់ចលនាតាលីបង់ដែលមានប្រសិទ្ធភាពភ្លាមៗ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ការសម្រេចចិត្តនេះ គឺជាលើកដំបូងនៅក្នុងក្របខ័ណ្ឌនៃបទដ្ឋានច្បាប់ដែលបានចូលជាធរមាន នៅក្នុងខែធ្នូឆ្នាំ ២០២៤ ដែលអនុញ្ញាតឲ្យមានការផ្អាកការហាមឃាត់សកម្មភាពរបស់អង្គការនេះ ដែលបានចុះបញ្ជីជាភេរវករ។