អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសរសេរនៅលើបណ្តាញសង្គម Xថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន កំពុងនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីអ្វី ដែលអាចក្លាយជាលទ្ធផលមហន្តរាយនៃផែនការដោយ «សម្ព័ន្ធនៃឆន្ទៈ» ក្នុងការដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកនយោបាយរុស្ស៊ីរូបនេះ បានសរសេរនៅក្នុងការបង្ហោះជាភាសាអង់គ្លេសថា៖«ជាក់ស្តែង មេដឹកនាំនៃក្រុមហ្វាស៊ីសនិយមរបស់អ៊ុយក្រែន បានមកទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង អំពីចំនួនមឈូសអឺរ៉ុប ដែលពួកគេនឹងត្រៀមខ្លួនទទួលយក បន្ទាប់ពីការដាក់ពង្រាយកងទ័ពរបស់ «សម្ព័ន្ធនៃឆន្ទៈ» នៅអ៊ុយក្រែន។
នាពេលមុននេះ លោក Andrey Yermak ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី បាននិយាយថា លោករួមជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Rustem Umerov និង លោក Andrey Sibiga បានមកដល់ទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។
សហរដ្ឋអាមេរិក បានរាយការណ៍មុននេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងបេសកជនពិសេសលោក Steve Witkoff នឹងជួបប្រជុំជាមួយសមភាគីអឺរ៉ុបរបស់ពួកគេ នៅទីក្រុងប៉ារីស នៅថ្ងៃទី ១៧-១៨ ខែមេសា។
«សម្ព័ន្ធនៃឆន្ទៈ»នេះ បានរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីសកាលពីថ្ងៃទី ២៧ ខែមីនា ជាទីដែលអ្នកតំណាងមកពីប្រទេសប្រហែល ៣០ បានពិភាក្សាអំពីការធានាសន្តិសុខដ៏មានសក្តានុពលសម្រាប់ទីក្រុង គីវ បន្ទាប់ពីការបញ្ចប់ជម្លោះ។ បញ្ហាសំខាន់មួយ គឺការដាក់ពង្រាយកម្លាំងយោធានៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានអវត្តមានពីកិច្ចប្រជុំកំពូលនេះ។