ពីការិយាល័យ Oval Office នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងរ៉ូម ហើយក៏នឹងពិចារណាផងដែរ ក្នុងការជួបជាមួយតំណាងរបស់សហភាពអឺរ៉ុប (EU) អំឡុងមានវត្តមាននៅទីនោះ។
គួរបញ្ជាក់ថា ដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោកស្រី Meloni បានកើតឡើងចំពេលមានជម្លោះពន្ធគយ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ហើយត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងសម្របសម្រួលឲ្យមានកិច្ចសន្ទនា ដោយប្រើប្រាស់ទំនាក់ទំនងល្អ រវាងមេដឹកនាំទាំង២ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចផ្អាកកាតព្វកិច្ចពន្ធភាគច្រើនរយៈពេល ៩០ថ្ងៃ។
លោក Trump បានហៅលោកស្រី Meloni ជាមេដឹកនាំទៅពី EU តែម្នាក់គត់ដែលត្រូវបានអញ្ជើញឲ្យចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក កាលពីខែមករាថា ជា «មនុស្ស» និងជា «មិត្ត» ពិសេស ដែល «បានមានភាពលេចធ្លោនៅអឺរ៉ុប» ខណៈដែលមេដឹកនាំអ៊ីតាលី បានប្រាប់ថា អ្នកទាំង២ បានយល់ឃើញរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងមនោគមវិជ្ជា «ជ្រុលនិយម»។
លោកស្រី Meloni បាននិយាយនៅក្បែរមេដឹកនាំអាមេរិកថា៖ «ខ្ញុំចង់អរគុណលោកប្រធានាធិបតី Trump ដែលបានទទួលយកការអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងរ៉ូម នាពេលខាងមុខដ៏ខ្លី ហើយក្នុងឱកាសនោះ ពិចារណាពីលទ្ធភាពជួបជាមួយអឺរ៉ុបផងដែរ»។
គួរដឹងដែរថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen រហូតមកដល់ពេលនេះ មិនទាន់បានជួបពិភាក្សាជាមួយលោក Trump នៅឡើយទេ ដែលមានន័យថា លោកស្រីត្រូវពឹងផ្អែកលើមេដឹកនាំដទៃ ដើម្បីលើកកម្ពស់ផលប្រយោជន៍ EU៕