យោងតាមយោធារបស់អ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមប្រើយុទ្ធសាស្ត្រថ្មី ដើម្បីវាយលុកទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងកងទ័ពជាច្រើនរយនាក់ ខណៈទីក្រុងគីវត្រៀមខ្លួនទប់ទល់នឹងការវាយលុកថ្មី ដែលធ្វើឡើងដោយគូសត្រូវដ៏ធំរបស់ខ្លួន ក្នុងសង្រ្គាមពេញបន្ទុករយៈពេលជាង ៣ឆ្នាំមកហើយនេះ។
ការផ្លាស់ប្តូរនេះបង្ហាញពីលទ្ធភាពនៃការឈប់ប្រើយុទ្ធសាស្ត្រដែលរុស្ស៊ីបានពឹងផ្អែកលើអស់រយៈពេលជាង ២ឆ្នាំ ពោលគឺតាក់ទិកបញ្ជូនក្រុមកងទ័ពថ្មើរជើងតូចៗឲ្យចូលសន្សឹមៗ និងស្ងាត់ៗតាមខ្សែត្រៀមរបស់អ៊ុយក្រែន។
ការបង្ហោះពីទីបញ្ជាការភាគខាងត្បូងរបស់យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) បានបង្ហាញវីដេអូនៃអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហាររបស់រុស្សី ដែលពាក់ព័ន្ធនឹងទាហានចំនួន ៣២០នាក់ និងរថពាសដែក ៤០គ្រឿង ក្នុងតំបន់ជុំវិញភូមិជាច្រើន នៅសមរភូមិជួរមុខភាគខាងត្បូង ក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន។
ការបង្ហោះបានឲ្យដឹងទៀតថា ការវាយប្រហារបានកើតឡើងនៅល្ងាចថ្ងៃទី១៦ ខែមេសា និងមានរយៈពេលប្រហែល ២ម៉ោងកន្លះ មុនពេលត្រូវបានវាយរុញច្រានឲ្យដកថយទៅវិញ ដោយបន្ថែមថា រុស្ស៊ីបានរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។
តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីការអះអាង ពាក់ព័ន្ធនឹងសមរភូមិនេះបានទេ៕