នគរបាល បានចាប់ខ្លួនមនុស្សជាច្រើននាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារដោយហ្វូងមនុស្សជាង១០ក្រុម លើហាងអាហារចំអិនភ្លាមៗ KFC របស់អាមេរិក ដែលបង្កឡើងដោយគំនិតប្រឆាំងនឹងសហរដ្ឋអាមេរិកនិងការប្រឆាំងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
នគរបាលនៅក្នុងទីក្រុងធំៗ ក្នុងប្រទេសឥស្លាមនេះ រួមទាំងទីក្រុងកំពង់ផែភាគខាងត្បូង Karachi ទីក្រុង Lahore ភាគខាងកើត និងរដ្ឋធានីអ៊ីស្លាម៉ាបាដ( Islamabad) បានបញ្ជាក់យ៉ាងហោចណាស់ឧប្បត្តិហេតុចំនួន ១១ ដែលហាង KFC ត្រូវបានវាយប្រហារដោយក្រុមបាតុករប្រដាប់ដោយដំបង និងបំផ្លិច បំផ្លាញ។ ក្រុមមន្ត្រី បាននិយាយនៅសប្តាហ៍នេះថា មនុស្សយ៉ាងតិច ១៧៨នាក់ ត្រូវបានចាប់ខ្លួន។
ហាង KFC និងក្រុមហ៊ុនមេរបស់ខ្លួន Yum Brands ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
មន្ត្រីនគរបាលម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា បុគ្គលិក KFC ម្នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងសប្តាហ៍នេះ នៅក្នុងហាងមួយនៅជាយក្រុង Lahore ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ។ មន្ត្រីរូបនេះ បានបន្ថែមថា ពេលនោះ មិនមានការតវ៉ាទេ ហើយពួកគេកំពុងស៊ើបអង្កេតថាតើការសម្លាប់នេះ មានការជំរុញដោយទស្សនៈនយោបាយ ឬហេតុផលផ្សេងទៀត។