ក្រុមអ្នកពន្លត់អគ្គិភ័យ បានឲ្យដឹងថា មនុស្ស ៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមេសា) នៅពេលដែលរថយន្តខ្សែកាបមួយ បានធ្លាក់នៅជិតទីក្រុងឆ្នេរភាគខាងត្បូង គឺ Naples របស់ប្រទេសអ៊ីតាលី។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែកាបមួយខ្សែបានដាច់នៅលើផ្លូវតភ្ជាប់នាំអ្នកទេសចរពីទីក្រុង Castellamare di Stabia នៅឈូងសមុទ្រ Naples ទៅកាន់ភ្នំ Faito ដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ។
តាមរយៈការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram នាយកដ្ឋានពន្លត់អគ្គិភ័យ បានឲ្យដឹងថា៖ «សពមនុស្សចំនួន ៤នាក់ ត្រូវបានរកឃើញ ខណៈអ្នកទី៥ ដែលមានរបួស ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ»។ នាយកដ្ឋានបានបន្ថែមថា នេះគឺជាចំនួនសរុបចុងក្រោយ។

អ្នកពន្លត់អគ្គិភ័យជាង ៥០នាក់ បានចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះ។ កាប៊ីនមួយដែលផ្ទុកអ្នកដំណើរ ១៦នាក់ ជាប់នៅក្បែទីក្រុង Castellammare តែអ្នកទាំងនោះត្រូវបាននាំមកដល់ដីដោយសុវត្ថិភាព។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាប៊ីនទី២ ជាប់នៅលើជ្រោះពីលើភ្នំ Faito ហើយកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវពន្យារពេល ដោយសារអ័ព្ទ។
គួរបញ្ជាក់ថា រថយន្តខ្សែកាបនេះ ទើបតែបានបើកដំណើរការឡើងវិញ សម្រាប់រដូវក្ដៅ ហើយរដ្ឋអាជ្ញាបានឲ្យដឹងថា ដំណើរការស៊ើបអង្កេតពីគ្រោះថ្នាក់នេះ ត្រូវបានចាប់ផ្ដើមឡើង៕

