រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយថា ទាហានអ៊ីស្រាអែលនឹងបន្តឈរជើងនៅក្នុងតំបន់ទ្រនាប់ ដែលពួកគេបានបង្កើតឡើងនៅក្នុងតំបន់ហ្កាហ្សា បើទោះបីជាមានដំណោះស្រាយណាមួយ ដើម្បីបញ្ចប់សង្រ្គាមក៏ដោយ ស្របពេលដែលកិច្ចខិតខំស្រោចស្រង់កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករា បានបន្តជាប់គាំង ។
អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានប្រែក្លាយដែនដីហ្កាហ្សា ៣០ភាគរយទៅជាតំបន់ទ្រនាប់ ខណៈពួកគេបានសម្រុកវាយលុកដោយយោធាឥតឈប់ឈរ និងបិទផ្លូវសម្រាប់ជំនួយមនុស្សធម៌ចូលទៅកាន់ដែនដីដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ។
អ៊ីស្រាអែល បានបន្តការវាយប្រហារតាមច្រកអាកាស និងដីគោក នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី១៨ ខែមីនា ដោយបញ្ចប់បទឈប់បាញ់រយៈពេល ២ខែជាមួយក្រុមហាម៉ាស ដោយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារនៅទូទាំងដែនដីដីប៉ាឡេស្ទីនមួយនេះ ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN)បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៥០ម៉ឺននាក់ បានភៀសខ្លួនចេញចាប់តាំងពីការបញ្ចប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា បង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតមួយដែលដែនដីនេះពុំធ្លាប់ជួបប្រទះក្នុងរយៈពេលជាង១៨ខែនៃសង្គ្រាម ។
ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥១.០០០នាក់ និងបង្ខំឲ្យមនុស្សភាគច្រើនជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ហើយនិងធ្វើឲ្យតំបន់ជាច្រើនក្លាយជាគំនរបាក់បែក ។
ស្របពេលដែលការវាយប្រហារតាមច្រកអាកាស និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១.៦៣០នាក់ ចាប់តាំងពីពួកគេបានចុះប្រតិបត្តិការសឹកឡើងវិញនោះ ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) និយាយថា តំបន់ហ្កាហ្សា បានក្លាយជាតំបន់ផ្នូរសាកសពដ៏ធំសម្បើមមួយ ៕